(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ សូមជូនដំណឹងដល់សាធារណៈជន អំពីការអនុញ្ញាត្តឲ្យក្រុមហ៊ុនទទួលម៉ៅការគម្រោង ពីរដ្ឋបាលរាជធានីភ្នំពេញ បន្តការងារបុកបន្ទះ (ស៉ីផាយ) និងស្ថាបនាផ្លូវអមសងខាងព្រែកអូរវែង ចាប់ពីផ្នែកខាងជើងស្ពានបេតុង (វត្តទួលសន្តិវ័ន្ដ) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ទៅតាមប្លង់គោលដែលបានផ្សព្វផ្សាយ ដោយរដ្ឋបាលរាជធានីភ្នំពេញ និងទៅតាមការវាស់វែងបោះបង្គោលកំណត់ព្រំ កន្លងមករបស់ក្រុមការងាររដ្ឋបាលខណ្ឌ។
ការជូនដំណឹងដល់សាធារណៈជន អំពីការអនុញ្ញាត្តឲ្យក្រុមហ៊ុនទទួលម៉ៅការគម្រោង ពីរដ្ឋបាលរាជធានីភ្នំពេញ បន្តការងារបុកបន្ទះ (ស៉ីផាយ) និងស្ថាបនាផ្លូវអមសងខាងព្រែកអូរវែង របស់រដ្ឋបាលខណ្ឌឫស្សីកែវនេះ បានធ្វើឡើង ក្រោយពីក្រុមការងារបន្តបុកបន្ទះបេតុង (ស៉ីផាយ) នៃជំហ៊ានទី១ បានប្រមាណជា ២០% រួចមកហើយ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ច្រាំងចំរេះទី១ ទៅតាមប្លង់គោលដែលបានផ្សព្វផ្សាយដោយរដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ។
ដូចនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមការងារក្នុងការបុកបន្ទះបេតុង (ស៉ីផាយ) បន្តនិងដំណើរការអនុវត្តគម្រោងស្ថាបនាផ្លូវអមសងខាងព្រែកអូរវែងប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលាបានកំណត់, រដ្ឋបាលខណ្ឌ សូមឲ្យបង-ប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងារ ហើយក្នុងករណីមានប៉ះពាល់សំណង់ ឫសម្ភារផ្សេងៗ សូមស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមនិងជឿជាក់ថា បង-ប្អូនប្រជាពលរដ្ឋទាំងអស់ និងមានស្មារតីចូលរួមសហការតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់៕