(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្លូវការមួយផ្ញើជូនដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមទាំងអស់ ពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺវីដ១៩ នៅកម្ពុជា។
លិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហានេះ បានបញ្ជាក់ថា នាពេលថ្មីៗនេះនៅតំបន់ ខ្លះនៃប្រទេសវៀតណាម មានការឆ្លងរីករាលដាលនូវជំងឺកូរីដ១៩ ហើយអាជ្ញាធរវៀតណាមបាន និងកំពុងចាត់វិធានការបិទការចេញចូលនៅតំបន់ដែលមានការឆ្លងជំងឺកូវីដ១៩នេះផងដែរ។ ក្នុងស្មារតីនេះ ដើម្បីចូលរួម សហការក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា សម្តេចសូមណែនាំដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖
* ត្រូវណែនាំដល់សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែន ឱ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរ ដែលដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា- វៀតណាម ស្របតាមវិធានចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់បំផុត។
* ត្រូវចាត់វិធានការឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យមានការលួចឆ្លងដែន ដោយខុសច្បាប់ ចេញចូលឆ្លងកាត់ព្រំដែន តាមច្រករបៀងនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។
* បន្តជំរុញការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ស្របតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានវីរុសកូវីដ១៩ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាននៅកម្ពុជា៕