(ព្រៃវែង)៖ លោក ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ដឹកនាំយុទ្ធនាការដាំដើមឈើ នៅវត្តសំសមី ក្រុងព្រៃវែង ខេត្តព្រៃវែង ប្រមាណ៥០០ដើម ក្រោមប្រធានបទ «យុវជន ដើម្បីសមុទ្រឈើ»។
ក្នុងពិធីនេះ ក៏មានការចូលរួមពីអមដំណើរដោយ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងក្រុមការងារមន្ទីរបរិស្ថាន ខេត្តព្រៃវែង យុវជន ស.ស.យ.ក ខេត្តព្រៃវែង ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្ស ប្រមាណ១៤៥នាក់។
ព្រះគ្រូធម្មសរណមុនី ចាន់ សុធា ព្រះចៅអធិការ វត្តសំសមី បានមានសង្ឃដីកាថា ថ្ងែនេះ គឺជាការជួបជុំគ្នាដើម្បីដាំដើមឈើ ការដាំដើមឈើថ្ងៃនេះ គឺដើម្បីកូនចៅយើងជំនាន់ក្រោយ ដើមឈើមួយដើម ប្រៀបបាននឹងជីវិតមួយ។
ជាមួយគ្នានេះ លោក ខៀវ ភារិទ្ធ បានបញ្ជាក់ថា សកម្មភាពចូលរួមដាំដើមឈើនាព្រឹកនេះ គឺជាចលនាសង្គមមួយ ដើម្បីផ្ញើសារបំផុសស្មារតីដល់ប្រជាពលរដ្ឋ ខេត្តព្រៃវែង ជាពិសេសយុវជនជំនាន់ក្រោយគ្រប់ស្រទាប់ ក្នុងការចូលរួមដាំដើមឈើ ដើម្បីជួសជុលគម្របព្រៃពណ៌បៃតងឡើងវិញ ព្រោះជីវិតរស់នៅលើភពផែនដីនេះ គឺរមែងផ្សាភ្ជាប់ទៅនឹងធម្មជាតិ បរិស្ថាន ដោយមិនអាចខ្វះបាន។
លោក ខៀវ ភារិទ្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស.ស.យ.ក.មន្ទីរបរិស្ថានខេត្តព្រៃវែង ដែលមានគំនិតផ្តួចផ្តើម សហការជាមួយ ព្រះចៅអធិការវត្តសំសមី ក្នុងការរៀបចំយុទ្ធនាការនេះឲ្យស្របពេលរដូវវស្សាមកដល់។ ទន្ទឹមនឹងនេះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងបរិស្ថាន ដែលបានផ្តល់កូនឈើ ប្រមាណ១ម៉ឺនដើម សម្រាប់រៀបចំជាយុទ្ធនាដាំដើមឈើទូទាំងខេត្តព្រៃវែង៕