(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងមួយករណី ចាប់ខ្លួនមនុស្ស២នាក់ ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម។

របាយការណ៍របស់មន្ទីរគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ការបង្ក្រាបករណីគ្រឿងញៀននេះ ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរ ក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទី១៖ឈ្មោះ សូ ចន្ធី ភេទស្រី និងទី២៖ឈ្មោះ សុខ ម៉ឹង ភេទប្រុស ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនសរុបជិត១គីឡូក្រាម, ម៉ូតូ២គឿង និងទូរស័ព្ទ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕