(ភ្នំពេញ)៖ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណី នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលរឹបអូស បានគ្រឿងញៀន២០០គីឡូក្រាម ចាប់ខ្លួនមនុស្ស២នាក់។ នេះបើតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងដឹកនាំកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត។
ការបង្ក្រាបដែលធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ក៏មានការសម្របសម្រួលពីព្រះរាជអជ្ញា នៃអយ្យកាអមសាលាតំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺផងដែរ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង៕