(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានក្រើនរំឮកឱ្យអាជ្ញាធរ និងកងកម្លាំងរនគរបាលគ្រប់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បន្តសហការគ្នាបន្ថែមទៀត ដើម្បីភូមិឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅដោយភាពកក់ក្ដៅ ជាពិសេសទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន។
ការក្រើនរំឮកបែបនេះរបស់លោករីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារ សម្រាប់ខែសីហា នៅមន្ទីរបក្សខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរសមត្ថកិច្ច នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាធំ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញ នូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឱ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រចាពលរដ្ឋ ក្រ១ និងក្រ២ អំឡុងពេលដែលមេរោគកូវីដ-១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោក។
លោកស្រី បានបញ្ជាក់ថា អាជ្ញាធរសមត្ថកិច្ចជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិ ឃុំ របស់យើង ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន។ ជាពិសេសត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ ពេលមានករណីបទល្មើសផ្សេងៗ កើតមានឡើងត្រូវនៅជាប់ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំដោយមិនប្រកាន់និន្នាការអ្វីឡើយ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យអាជ្ញាធរជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម។ ចំណែកឯអាជ្ញាធរសមត្ថកិច្ចគ្រប់លំដប់ថ្នាក់ត្រូវតែបន្តពង្រឹងឱ្យមានប្រសិទ្ធិភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕