(ព្រះវិហារ)៖ សាខាកាកបាទក្រហមខេត្តព្រះវិហារ ដឹកនាំដោយលោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាការសាខាកាកបាទកម្ពុជាខេត្ត រួមនឹងក្រុមការងារ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២០នេះ បានសហការជាមួយអាជ្ញាធរស្រុកឆែប យកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ និងតូបចំនួន៧គ្រួសារ រស់នៅភូមិឆែបលិច ឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោកស្រី ចឹក ហេង បានថ្លែងនូវការចូលរួមសោយស្តាយ ជាមួយពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលឲ្យបាត់បង់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗទៀត។ លោកស្រីបានបន្ថែមថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗ។
ជាក់ស្តែងថ្ងៃនេះ បន្ទាប់ពីទទួលដំណឹងថា បងប្អូនអាជីវករនៅផ្សារឆែបរងគ្រោះដោយសារភ្លើងឆេះតូប ឆេះផ្ទះនោះ កាកបាទក្រហមកម្ពុជាបាននាំសម្ភារៈ និងថវិកាយកមកផ្តល់ជូនភ្លាមៗគ្រាន់បានជួយរំលែក និងសម្រាលការលំបាករបស់បងប្អូនមួយគ្រា។ ជាមួយនោះដែរលោកស្រីបានផ្តាំផ្ញើរឲ្យបងប្អូនថែររក្សាសុខភាព មិនត្រូវអស់សង្ឃឹមនោះទេ ផ្ទុយទៅវិញត្រូវខិតខំប្រកបមុខរបរផ្សេងឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ មិនតែប៉ុណ្ណោះត្រូវរក្សាអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឲ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩។
សម្រាប់អំណោយផ្តល់ជូននេះរួមមាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, តង់១, សារុង១, មុង១, ភួយ១, ក្រមា១, ថវិកាចំនួន ១០០,០០០រៀល គ្រួសារឆេះផ្ទះ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកស៊ីអ៊ីវ ១យួរ, តង់១, សារុង១, មុង១, ភួយ១, ក្រមា១, ធុងទឹក ១, កន្ទេល១, ចានបាយ៥, ចានសម្ល២, ស្លាបព្រា៥, ឆ្នាំងបាយ-សម្ល១, ភួយធំ២, ថវិកា ២០០,០០០រៀល។ លោក សុខ សាន្តតារា អភិបាលស្រុកឆែបថវិកា ៨០០,០០០ រៀល លោក ជាង ភា អាជីវករ ថវិកាចំនួន ៧០០,០០០ រៀលលោក មាស ម៉េត អាជីវករថវិកាចំនួន ៣៥០,០០០ រៀល លោក ជួប ចិត្ត ថវិកាចំនួន ១០០,០០០ រៀល៕