(កណ្ដាល)៖ លោក ថោង ផល្លីរង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ គឹមឡេង សល់ ជាម្ចាស់ទីតាំងបញ្ចាំម៉ូតូខុសច្បាប់ ជាបណ្ដោះអាសន្នពីបទទទួលផលចោរកម្ម ខណៈស្ត្រីជាប្រពន្ធពុំត្រូវបាននាំខ្លួនមកសាកសួរនោះឡើយ ខណៈសេចក្ដី រាយការណ៍ឲ្យដឹងថាប្ដី-ប្រពន្ធរូបនេះ មិនត្រឹមតែបើកទទួលបញ្ចាំម៉ូតូខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងជាមេអាប៉ោងធំប្រចាំឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្ដាលថែមទៀតផង។
គួរជម្រាបថា ទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែងដែលមានម្ចាស់ឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និងប្រពន្ធឈ្មោះ វ៉ា ថារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចចុះបិទទីតាំងនាថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២០។
បើតាមសមត្ថកិច្ចម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនេះ គឺជាម៉ូតូដែលជនទុច្ចរិកកាច់ ក និងលួចគេយកមកបញ្ចាំ ព្រោះថាគ្រាប់សោរម៉ូតូមានសភាពបែកខ្ទេច និង មានសភាពមិនប្រក្រតីច្រើន។
ក្នុងប្រតិបត្តិពិនិត្យនេះសមត្ថកិច្ចបាន ឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់ម្ចាស់ មានឈ្មោះ គឹម ឡេងសល់ និងម៉ូតូចំនួន ២៤គ្រឿង៕