(ភ្នំពេញ)៖ លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានអញ្ចើញប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំង មន្រ្តីគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បន្ថែម និងគណៈកម្មាធិការសាខាគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន មាន «ខ៨» ដើម្បីពង្រឹងការងារចុះជួយមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត កាលពីរសៀលថ្ងៃទី២ ខែសីហា។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ការតែងតាំងមន្រ្តីគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការចុះជួយដោះស្រាយទុក្ខលំបាកបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាជាពិសេស នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននែនាំដល់ក្រុមការងារគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ដាប់សំណូមពរ បញ្ហាប្រឈមនានាដូចជា សេវាសាធារណៈសេវាសំណូមពរសេវាតម្រូវការ របស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។
លោកបានណែនាំត្រូវបន្តការងាររបស់ខ្លួនឱ្យបានសកម្ម ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូលនៃចលនារបស់ប្រជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗ ទៀតជូនជាតិ និងប្រជាជន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ឆ្នាំ ២០២៣។
លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានគ្រឹះរឹងមាំមានការសាមគ្គីភាពយ៉ាងស្អិតរមួត គ្មានកម្លាំងណាអាចបំបែកបានព្រមទាំង បានដឹកនាំប្រទេសអស់រយៈកាលជាង៣០ឆ្នាំ បានកសាងសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់ប្រជាជន និងប្រទេសជាតិជាពិសេសបានផ្ដល់សេចក្ដីសុខជូនប្រជាពលរដ្ឋ និងសុខសន្តិភាពពិតប្រាកដទូទាំងប្រទេស។ ការកសាងនិងថែរក្សាសន្តិភាពមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹៈក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ការពង្រឹងសន្តិសុខនិងការអភិវឌ្ឍមនុស្សជាតិ៕