(ត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពលរដ្ឋ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារនាំយកអំណោយចុះចែកជូន ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុង ២គ្រួសារ និងខូចខាតខ្លះៗ១៤គ្រួសារ ព្រមទាំងប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវ ភាពក្រីក្រលំបាក ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ ចំនួន៣៦គ្រួសារ សរុប៥២គ្រួសារ ក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ និងជនងាយរងគ្រោះដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
លោក ជាម ច័ន្ទសោភ័ណ បានបន្តថា ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនឱ្យនរណាម្នាក់អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែងគ្រប់ពេលវេលា ដោយមិនរើសអើងពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបញ្ជាក់ទៀតថា អំណោយចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់បានមួយរយៈ និងសូមឱ្យពលរដ្ឋ រៀចចំផ្ទះសម្បែងឡើងវិញ ខិតខំប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាដាំដំណាំផ្សេង ដើម្បីធ្វើឱ្យកម្រិតជីវភាពបានប្រសើរឡើងវិញ។ ជាមួយគ្នានោះលោកក៏បានផ្តាំផ្ញើដល់ពល រដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនតូចៗឲ្យបានល្អ ពិសេសត្រូវអនុវត្តន៍ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា។
សូមជម្រាបថា ចំពោះអំណោយដែលចែកជូននាពេលនោះ សម្រាប់គ្រួសាររងការខូចខាតដោយខ្យល់កន្ត្រាក់ ១៦គ្រួសារ ទទួលបានគ្រឿងឧបភោគ បរិភោគ និង (ថវិកា ១០ម៉ឺនរៀល ជូន០២គ្រួសារខូចខាតផ្ទះធ្ងន់ធ្ងរ និងថវិកា ០៥ម៉ឺនរៀល និងជូន១៤គ្រួសារដែលខូចខាតផ្ទះតិចតួច) ចំណែកប្រជាពលរដ្ឋ ៣៦គ្រួសារ ជនងាយរងគ្រោះមានជីវភាពក្រីក្រលំបាក ក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគដូចគ្នា ព្រមទាំងថវិកាចំនួន០២ម៉ឺនរៀល៕