(ថៃ)៖ ក្រុមហ៊ុន អេសស៊ីជី (SCG) បានពង្រឹងយុទ្ធសាស្ត្រអាជីវកម្ម ដើម្បីយកឈ្នះលើសមរភូមិ ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយផ្ដោតលើភាពបត់បែនលឿន ទាន់សភាពការណ៍ និងការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរឹងមាំ ទៅលើវិស័យធុរកិច្ចគីមី ដែលនាំឲ្យសម្រេចបាននូវកំណើនប្រាក់ចំណេញ នៅក្នុងលទ្ធផលប្រតិបត្តិការ អាជីវកម្មរបស់ អេសស៊ីជី សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន អេសស៊ីជី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។
អេសស៊ីជី នឹងបន្តផ្ដោត លើការរក្សាស្ថិរភាពអាជីវកម្ម រយៈពេលវែង រួមជាមួយនឹងការបង្កើតនូវដំណោះស្រាយ សរុបនិងនវានុវត្តន៍ ដើម្បីបំពេញតម្រូវការ នៃសម័យកាល «ប្រក្រតីភាពថ្មី» ដោយប្រើប្រាស់យន្តការឌីជីថល ដើម្បីជំរុញការទិញតាមអនឡាញ និងជំរុញអាជីវកម្មវេចខ្ចប់ ឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត នៅក្នុងទីផ្សារអាស៊ាន។
លទ្ធផលប្រតិបត្តិការអាជីវកម្ម ដែលមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ បានកត់ត្រាចំណូលពីការលក់ មានចំនួនសរុប១២,២៨៥ ប៊ីលានរៀល (៣,០០៦លានដុល្លារអាមេរិក) ធ្លាក់ចុះ១២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែការធ្លាក់ចុះ នៃតម្លៃផលិតផលគីមីជាចម្បង ហើយចំណូល នៅក្នុងត្រីមាសនេះទៀតសោត គឺធ្លាក់ចុះ៩% បើធៀបទៅនឹងត្រីមាសមុន ដោយសារមូលហេតុ នៃការថមថយចុះ នៅក្នុងធុរកិច្ចស្នូលគ្រប់មុខទាំងអស់។
ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០នេះ សម្រេចបាន១,២០១ ប៊ីលានរៀល (២៩៤លានដុល្លារអាមេរិក) កើនឡើង៣៣% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ហើយការកើនឡើងនេះ គឺដោយសារភាពល្អប្រសើរជាងមុន នៅក្នុងអង្គភាពធុរកិច្ចសំខាន់ៗទាំងបីរបស់ អេសស៊ីជី ដែលជំរុញដោយការធ្វើប្រសិទ្ធភាពកម្ម ចំណាយថ្លៃដើម និងនិរន្តរភាពអាជីវកម្ម។
បើធៀបនឹងត្រីមាសមុន ប្រាក់ចំណេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ កើនឡើង៣៥% ដោយសារតែលទ្ធផលល្អជាងមុន នៅក្នុងអាជីវកម្មផ្នែកគីមី របស់ក្រុមហ៊ុន ។ ចំណូលពីការលក់របស់ អេសស៊ីជី សម្រាប់ឆមាសទី១ នៃឆ្នាំ២០២០ បានធ្លាក់ចុះ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដោយសម្រេចបានតែ២៦,០១២ ប៊ីលានរៀល (៦,៣៨១លានដុល្លារអាមេរិក) ដោយសារតែការធ្លាក់ចុះ នៃតម្លៃផលិតផលគីមី។
ប្រាក់ចំណេញសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ ធ្លាក់ចុះ១៣% បើធៀបនឹងឆមាសទីមួយដូចគ្នា នៃឆ្នាំមុន ដោយសម្រេចបានត្រឹមតែ២,១០៩ប៊ីលានរៀល (៥១៧លានដុល្លារអាមេរិក) ដែលមូលហេតុនៃការធ្លាក់ចុះប្រាក់ចំណេញនេះ គឺបណ្ដាលមកពីការថយចុះនៃប្រាក់ចំណេញពីអាជីវកម្មផលិតផលគីមី កាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២០។
ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) របស់ អេសស៊ីជី សម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ សម្រេចបាន១១,៧៣៣ប៊ីលានរៀល (២,៨៧៨លានដុល្លារអាមេរិក) ឬស្មើនឹង៤៥% នៃចំណូលសរុបពីការលក់។
ក្រៅពីនេះ ចំណូលពីប្រតិបត្តិការខាងក្រៅប្រទេសថៃ របស់ អេសស៊ីជី បូករួមនឹងចំណូល ពីការលក់នាំចេញពីប្រទេសថៃ សម្រាប់ឆមាសទី១ ឆ្នាំ២០២០ សម្រេចបាន១១,១៧០ប៊ីលានរៀល (២,៧៤០លានដុល្លារអាមេរិក) ឬស្មើនឹង ៤៣% នៃចំណូលសរុបពីការលក់ ដែលថយចុះ២% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំទៅមិញ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន អេសស៊ីជី ដែលមានខ្លឹមសារទាំងស្រុង៖