(កោះកុង)៖ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ត្រូវបានផ្លាស់ប្តូរហើយ ដោយលោក អ៊ុក សារិទ្ធ ត្រូវចូលនិវត្តន៍ ហើយជំនួសដោយលោក សាលីម ហ្វារីត ក្នុងបំណងជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
ពិធីផ្លាស់ប្តូរតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ហើយក៏មានការអញ្ជើញចូលរួមពីលោក កាយ សំរួម ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ជាច្រើនរូបទៀត។
ក្នុងពិធីនោះ លោក អ៊ុក សារិទ្ធ បានឡើងបង្ហាញនូវសមិទ្ធផលដែលមន្ទីរពាណិជ្ជកម្មសម្រេចបាន ហើយលោក សាលីម ហ្វារីត ក៏បានឡើងប្តេជ្ញាក្នុងការដឹកនាំ និងគ្រប់គ្រងការងារពាណិជ្ជកម្មនៅក្នុងខេត្តកោះកុង ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងឱកាសនោះថា ការតែងតាំងថ្នាក់ដឹកនាំថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជាភស្តុតាងមួយបញ្ជាក់ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦នេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវមានភាពស៊ីសង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត ហើយនៅក្នុង យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ២០១៩-២០២៣ មានការសិក្សាលម្អិតលើវិស័យស្ដីពី ឧស្សាហកម្មធុនស្រាលសម្រាប់ពង្រីក និងធ្វើពិពិធកម្មសម្រាប់ការនាំចេញ ដែលក្នុងការសិក្សានេះ ក៏បានផ្ដោតផងដែរលើការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការតភ្ជាប់ Backward Linkage ជាមួយនឹងឧស្សាហកម្មធំៗ ដូចជាវិស័យកាត់ដេរជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងពាណិជ្ជកម្ម ក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើ និងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណៈ ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន គោលបំណងទប់ស្កាត់ ការលក់មិនស្មោះត្រង់ និងបង្ហោះ ពាក្យពេចន៍ រូបភាព មិនប្រកបតាម ក្រមសិលធម៌ ជាដើម។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពជោគជ័យក្នុងការបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលអាចនឹងត្រូវចុះហត្ថលេខានាពេលខាងមុខដ៏ខ្លី។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ឱ្យទទួលបានផលចំណេញពីការអនុគ្រោះពន្ធ ក្នុងការនាំទំនិញចេញទៅប្រទេសចិន មានន័យថានៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាក៏គ្រោងនឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) ដែលមានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៉ីផងដែរ។ ក្រៅពីនោះក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះ រួចរាល់អស់ហើយដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា (ក.ប.ប.) ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អនុសាសន៍គន្លឹះនោះ រួមមាន៖
ទី១៖ ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស។
ទី២៖ ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល កំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។
ទី៣៖ បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៤៖ ស្នើឱ្យគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ទៀត៕