(ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបជនសង្ស័យ២នាក់ និងរឹបអូសបានថ្នាំញៀនជិត១គីឡូក្រាម នៅសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមបញ្ជាក់របស់មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែសីហានេះ។
មន្ត្រីដដែលបានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដឹកនាំការបង្ក្រាបដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុន្នីរ័ត្ន។
ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ រួមមាន៖ ឈ្មោះ ញ៉ាញ់ សុជា ភេទស្រី ជនជាតិខ្មែរ អាយុ២៦ឆ្នាំ និង ឈ្មោះ វ៉ាន់ ចំណាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដោយដកហូតថ្នាំញៀន៨០៧.៣៧ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕