(បាត់ដំបង)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឲ្យរដ្ឋបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមូលដ្ឋានត្រូវបន្តអនុវត្តតាមថ្នាក់លើដាក់ចុះស្តីពីការ ចុះផ្សព្វផ្សាយទប់ ស្កាត់ជំងឺកូវីដ១៩ បន្តទៀត ហើយបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យធ្វើដំណើរតាមដងផ្លូវសូមគោរពច្បាប់ជាចម្បង ដើម្បីចៀសវាងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ឲ្យមានការថយចុះទើបជាការប្រសើរ។
លោក សក់ សេដ្ឋា បានលើកឡើងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មីខេត្តបាត់ដំបង និងនាយករដ្ឋបាលខេត្តថ្មី ដោយមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន រតន: អភិបាលខេត្តបាត់ដំបង, មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកងរាជអាវុធហត្ថ លោកស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុង ស្រុក ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំចៅសង្កាត់ជាច្រើនរូបផងដែរ។
លោក សក់ សេដ្ឋា បានក៏បានស្នើឲ្យអាជ្ញាធរខេត្តត្រូវទប់ស្កាត់ និងឆ្លើយតបបន្ទាន់នូវព័ត៌មានមិនពិតមួយចំនួន ដែលមានចរិតអុចអាល ញុះញង់ ធ្វើឲ្យមានភាពវឹកវរ និងប៉ះពាល់ដល់កិត្តិយសសង្គមជាតិ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន សូមសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឲ្យបានល្អ។
លោករដ្ឋលេខាធិការ ក៏បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ត្រូវមានការគាំទ្រអភិបាលរងខេត្តថ្មី ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគាត់ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ចសហការគ្នាបានល្អប្រសើ។
ជាមួយគ្នានេះលោក សក់ សេដ្ឋា ក៏បានផ្តាំផ្ញើដល់គណ:អភិបាលខេត្ត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពដល់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានតែងតំាងលោក ណុប ដារ៉ា ជាអភិបាលរងថ្មីខេត្តបាត់ដំបង៕