(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម រួមសហការជាមួយអាជ្ញាធរស្រុកបាធាយ ដឹកនាំដោយលោក អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម លោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងអភិបាលស្រុកបាធាយ លោក ផេន សុផល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានអនុវត្តទៅលើការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទីប្រជុំជនផ្សារផ្អាវ ស្រុកបាធាយ ឈានចូលដល់ដំណាក់កាលទី៣ ដែលអាជ្ញាធរត្រូវប្រើគ្រឿងចក្រ ដើម្បីឈូសឆាយដីចិញ្ចើមផ្លូវ និងមាត់លូ។
ក្នុងប្រតិបត្តិការតំណាក់កាលទី៣នេះ ស្នងការរងនគរបាលខេត្តកំពង់ចាម លោក សោម រស់ បានឲ្យដឹងថា ថ្ងៃនេះ កម្លាំងសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់ លើចិញ្ចឹមផ្លូវ និងមាត់លូ តាមខ្នងផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវជាតិលេខ ៦A ដោយក្នុងនោះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចប្រើប្រាស់គ្រឿងចក្រ ចំនួន៣គ្រឿង ដើម្បីអនុវត្តការងារ រៀបចំសម្អាតចិញ្ចើមផ្លូវ។
លោកស្នងការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរ បន្ទាប់ពីកម្លាំងអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលបានសាងសង់ សំយ៉ាប ឬក៏ទីកន្លែងលក់ដូរប៉ះពាល់មកដល់ចំណីផ្លូវ ឲ្យធ្វើការរុះរើចេញមុនពេល អាជ្ញាធរចុះធ្វើការរៀបចំមាត់លូ និងចិញ្ចើមផ្លូវ ឃើញថា ខាងប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានសហការជាមួយអាជ្ញាធរបានយ៉ាងល្អ នឹងធ្វើការរុះរើថយចូលក្នុងគ្រប់ៗគ្នា ដោយមិនមានបញ្ហាចម្រូងចម្រាសអ្វីឡើយ។
លោកស្នងការរង បានឲ្យដឹងទៀតថា នៅក្នុងតំណាក់ខាងមុខ អាជ្ញាធរ នឹងរៀបចំចិញ្ចើមផ្លូវឲ្យបានស្អាត និងប្រព័ន្ធលូ នឹងសាងសង់ឃឿនតាមបណ្ដោយផ្លូវ ៦A នៃទីប្រជុំជនផ្សារផ្អាវនេះតែម្តង ដើម្បីធ្វើឲ្យមានសោភ័ណភាព បន្ទាប់ពីទីប្រជុំជននេះ មានសណ្ដាប់ធ្នាប់ល្អហើយនោះ៕