(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានអំពាវនាវដល់ក្រុមអ្នកតវ៉ាឱ្យដោះលែង លោក រ៉ុង ឈុន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើពួកគេ។
ការអំពាវនាវរបស់ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយក្រុមបាននិងកំពុងធ្វើសកម្មភាពប្រមូល និងដើរក្បួនតាមដងវិថីជាដើមទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា សកម្មភាពក្នុងការប្រមូលផ្តុំមនុស្សនៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឱ្យស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ។ ផ្ទុយទៅវិញទង្វើនេះ ជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងយុត្តិធម៌បន្ថែមថា ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់អំពីបទល្មើសណាមួយរបស់អង្គអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់នៅចំពោះមុខតុលាការ។ ក្នុងន័យនេះ ជនត្រូវចោទឈ្មោះ រ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែៗ មួយរូប ឬច្រើនរូប ដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមផ្លូវច្បាប់ ស្របតាម នីតិវិធីជាធរមាននៅចំពោះមុខស្ថាប័នតុលាការ។
ពាក់ព័ន្ធនឹងការធ្វើសកម្មភាពតវ៉ារបស់មនុស្សមួយក្រុមនេះ សាលារាជធានីភ្នំពេញនៅថ្ងៃនេះ ក៏បានអំពាវនាវដល់អាជ្ញាធរតាមបណ្តាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវចាត់វិធានការទៅលើពួកគេផងដែរ៕