(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានចាប់ផ្តើមបោះទុនជាង១១លានដុល្លារ សម្រាប់រយៈ ៣ឆ្នាំខាងមុខ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ នេះជាគោលបំណងដ៏មោះមុតក្នុងការបញ្ចប់ជំងឺ អេដស៍នៅកម្ពុជា។ ជោគជ័យក្នុងការប្រយុទ្ធនឹង ជំងឺអេដស៍នៅកម្ពុជាគឺដោយសារមគ្គុទ្ទេសក៍ភាព ភាពជាដៃគូ និងការវិនិយោគ។
ជាមួយគ្នានេះ យើងនៅតែត្រូវការជំនួយពីអន្តរជាតិ។ ដោយសារការគាបសង្កត់របស់កូវីដ-១៩ យើងមិនសង្ឃឹម ថានឹងមានថវិកាជាតិផ្តល់ជូនអង្គការសង្គមស៊ីវិលនៅឆ្នាំ២០២១ និង២០២២នោះទេ។ ប៉ុន្តែយើងជួបពិភាក្សានៅថ្ងៃនេះ ដើម្បីគិតគូរពីឥឡូវទាក់ទងនឹងការផ្តល់ថវិកា ដល់អង្គការសង្គមស៊ីវិល ដោយមិនរង់ចាំថា នៅពេលដែលមិនមានការគាំទ្រ ថវិកាពីខាងក្រៅទើបធ្វើការ គិតគូរនោះឡើយ។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី គឺក្នុងឱកាសដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយអង្គការ HP+ រៀបចំសិក្ខាសាលាស្តីពីការធ្វើកិច្ចសន្យា សង្គមសម្រាប់សង្គម ស៊ីវិលដែលធ្វើការងារ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ដោយសិក្ខាសាលានេះ មានការចូលរួមពីសំណាក់លោក អ្នកស្រី នាងកញ្ញា ជាតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល អង្គការ UNAIDS, USAID, PEPFAR, HP+ ព្រមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ ពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សរុបចំនួន៥០នាក់។
លោកទេសរដ្ឋមន្រ្តីបាន ថ្លែងបន្តថា នៅក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំង ទៅលើការផ្តល់ថវិកាពីខាងក្រៅក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឧទាហរណ៍ នៅឆ្នាំ២០១៧ ក្នុងថវិកា៣៤,៤លានដុល្លារអាមេរិកនៃការចំណាយសរុប សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មានថវិកា ជាតិតែ៨,៣ លានដុល្លារ អាម៉េរិក ឬ២៤%ប៉ុណ្ណោះ។ របាយការណ៍ វាយតម្លៃការចំណាយសរុបលើការងារអេដស៍ នៅប្រទេសកម្ពុជាឆ្នាំ២០១៧ (National Spending Assessment, NASA) នេះក៏បានបង្ហាញថា អង្គការសង្គមស៊ីវិលបានទទួលថវិកាចំនួនជិត១១លានដុល្លារ ដែលស្ទើរតែទាំងអស់ជាហិរញ្ញប្បទាន ក្រៅប្រទេស។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការប្រជុំនៅថ្ងៃនេះ គឺចង់បានធាតុចូលបន្ថែម។ យើងត្រូវពិនិត្យមើលថា តើការធ្វើកិច្ចសន្យាសង្គមមានប្រទាំងប្រទើសជាមួយបទប្បញ្ញត្តិដែល មានស្រាប់ឬទេ? ដើម្បីយកមកពិចារណាថានៅពេលណាដែល មិនមានការគាំទ្រខាងហិរញ្ញវត្ថុពីខាងក្រៅ នោះយើងបានត្រៀមរួចជាស្រេច។ បើយើងមានការគិតគូរពីឥឡូវ និងរួមគ្នាទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ កុំឲ្យករណីឆ្លងថ្មីលើសពី៣៦០នាក់ក្នុងមួយឆ្នាំ នោះយើងនឹងទទួលបានជោគជ័យឈាន ទៅលុបបំបាត់អេដស៍។
ដោយឡែក មានចំណាប់អារម្មណ៍តាមវីដេអូរខនហ្វឺរេន នៅក្នុងពិធីបើក លោកបណ្ឌិត ចន អែស៍ (Dr. John Eyres) ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំនៃទីភ្នាក់ សហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិបានថ្លែងថា កម្ពុជាជាប្រទេសមួយចំនួនតូច ដែលបានសម្រេចគោលដៅ៩០-៩០-៩០ និងកំពុងបោះជំហានទៅ សម្រេចគោលដៅ ៩៥-៩៥-៩៥។ ជាមួយគ្នានេះ អង្គការសង្គម ស៊ីវិលត្រូវបានផ្តល់ហិរញ្ញវត្ថុពីខាងក្រៅឲ្យធ្វើការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកក៏បានមានចំណាប់អារម្មណ៍ជាចុងក្រោយថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការលុបបំបាត់មេរោគអេដស៍។
បន្ទាប់មកលោកស្រីបណ្ឌិត វ្លាដានកា អ៊ែនឌ្រីវ៉ា (Vladanka Andreeva) នាយកប្រចាំប្រទេសនៃកម្មវិធីអេដស៍អង្គការសហប្រជាជាតិ បានថ្លែងនូវចំណាប់អារម្មណ៍ថា កម្ពុជាមិនត្រឹមតែជាប្រទេស ដំបូងមួយក្នុងចំណោមប្រទេស ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ប៉ុណ្ណោះទេ ហើយក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកដែលបានរៀបចំ ផែនទីបង្ហាញផ្លូវទៅរកចីរភាពក្នុងការ បញ្ចប់អេដស៍នៅឆ្នាំ២០២៥ផងដែរ។ ចំណុចមួយនៃផែនទីបង្ហាញផ្លូវនោះ គឺការផ្តល់ការគាំទ្រដល់អង្គការសង្គមស៊ីវិលក្នុងឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយចីរភាព៕