(ភ្នំពេញ)៖ ក្លិបវាយកូនហ្គោលសន្តិភាព ឬហៅជាភាសាអង់គ្លេសថា Santepeap Golf Club បានបំផុសសមាជិកខ្លួនដែលមានសមាជិកចំនួន៤៤នាក់ ឲ្យយល់កាន់តែច្បាស់ និងកាន់តែស្រឡាញ់ នូវសុខសន្តិភាពជាតិដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងឡើងយ៉ាងលំបាកលំបិន ហើយរីកចម្រើនមានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។
ថ្លែងបំផុសយ៉ាងដូច្នេះរបស់ក្លិបកូនហ្គោលសន្តិភាពនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ក្នុងពិធីប្រកួតវាយកូនហ្គោលលក្ខណៈមិត្តភាពយកជយលាភី កីឡាវាយកូនហ្គោលនៅឯទីលាន Royal Cambodia Phnom Penh Golf club សមាជិកក្រុមទាំងអស់បានថ្លែង «អរគុណសន្តិភាព» អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងប្រទេសជាតិពីផេះផង់ ប្រែក្លាយពីប្រទេស ដែលគ្មានអ្វីសោះ រហូតមានការរីកចម្រើន ហើយពិសេសពលរដ្ឋមានជីវភាពកាន់តែធូរធាឡើង ដែលជាឱកាសសប្បាយរីករាយសម្រាប់ប្រជាជន បង្កើតក្រុមកីឡាវាយកូនហ្គោល ដើម្បីសាមគ្គី និងស្រឡាញ់សន្តិភាព ព្រមទាំងការពារសន្តិភាពនេះឡើង។
សមាជិកដដែលបានថ្លែងពីសារៈប្រយោជន៍យ៉ាងសំខាន់ នៃសន្តិភាព ដ្បិតក្នុងពិភពលោកនេះ ប្រទេសណាក៏ដូចប្រទេសណាដែរ តែងតែចង់បានបំផុសមុនគេគឺ «សន្តិភាព» បើមានសន្តិភាព ទើបប្រទេសជាតិមានឱកាសកសាង អភិវឌ្ឍន៍ឡើង តួយ៉ាងដូចកម្ពុជា គឺអ្វីដែលចាំបាច់បំផុត ប្រជាជាតិត្រូវការបំផុតនោះគឺ «សន្តិភាព»។
ក្រុមរបស់លោកពិតជាឲ្យតម្លៃខ្ពស់បំផុតចំពោះសន្តិភាព ទើបក្រុមលោកដាក់ឈ្មោះក្រុមខ្លួនថា «ក្រុមកីឡាវាយកូនហ្គោលសន្តិភាព» នេះឡើងឲ្យស្របតាមប្រទេសជាតិ មានសុខសន្តិភាពដូចបច្ចុប្បន្ន។
ពួកគាត់បញ្ជាក់ទៀតថា ក្រុមកីឡារបស់ពួកលោកនឹងនៅតែបន្តបំផុសបំផុលដល់សមាជិកខ្លួន និងពលរដ្ឋទូទៅឲ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព ស្រឡាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព និងបន្តបំផុសឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ផងដែរ ដ្បិតកម្ពុជាមានសមត្ថភាពខ្ពស់លើការងារនេះ ប៉ុន្តែការចូលរួមទាំងអស់គ្នា ក៏ជាកត្តាសំខាន់ទៀតផង។
សូមជម្រាបថា ការប្រកួតកីឡាវាយកូនហ្គោលនេះ ជយលាភីលេខ១ បានទៅលើលោក លី ហុង, លេខ២ បានទៅលើលោក ឡៅ ហេង និងលេខ៣ បានទៅលើលោក ប៉ែន សុខរិទ្ធវិទ្យា។ គណៈកម្មការរៀបចំការបានថ្លែងអំណរគុណដល់អ្នកជួយឧបត្ថម្ភ និងកីឡាករដែលបានចូលរួមសហការធ្វើឲ្យកម្មវិធីដំណើរការប្រកួតមិត្តភាពនេះទទួលបានជោគជ័យ ហើយសង្ឃឹមថា នឹងរៀបចំការប្រកួតនេះបន្តទៀតនៅថ្ងៃខាងមុខ៕