(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានបែងចែកក្រុមការងារ ចុះពង្រឹងការអនុវត្តតួនាទី ភារកិច្ចនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
សកម្មភាពចុះពង្រឹងនេះ ធ្វើយ៉ាងណាដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពកក់ក្ដៅដល់ភ្ញៀវទេសចរ អំពីសន្ដិសុខ សុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចកម្សាន្ដ និងដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ចំពោះតួនានី និងភារកិច្ចរបស់ខ្លួន ពិសេសកិច្ចសហការឲ្យបានល្អជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ។
រយៈពេលប៉ុន្មានថ្ងៃនេះ នាយកដ្ឋាននគរបាលទេសចរណ៍ បានចុះពង្រឹងតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន១៦រួមមាន៖ ខេត្តតាកែវ, កែប, កំពត, ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ, កណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្ដរមានជ័យ, ព្រះវិហារ, សៀមរាប និងខេត្តកំពង់ធំ។
រាល់កិច្ចប្រជុំនីមួយៗ ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលទេសចរណ៍ បានក្រើនរំលឹក និងណែនាំទៅដល់មន្ដ្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវដូចអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធានាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងភូមិសាស្ដ្រដែលខ្លួនទទួលខុសត្រូវ៕