(ភ្នំពេញ)៖ សួនវិស័យរក្សាសន្តិភាព និងសម្មភាពមីន ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្នុងបរិវេណវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ សួននេះបានបង្ហាញពីសមទ្ធិផល និងស្នាដៃសំខាន់ៗ ក្នុងវិស័យរក្សាសន្តិភាព ក្នុងបេសកកម្មរបស់អង្គការ សហប្រជាជាតិរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ថា នៅក្នុងសួនដែលសាងសង់នេះ មានកសាងស្តូបសួនវិស័យរក្សាសន្តិភាព និងសកម្មភាពមីន មានរាងបញ្ចកោណដោយជ្រុងទី១៖ បង្ហាញរូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ជ្រុងទី២ និងទី៣ បង្ហាញពីកងកម្លាំងជំនាញអាវុធហត្ថ និងជំនាញវិស្វកម្ម ជ្រុងទី៤ និងទី៥ បង្ហាញពីកងកម្លាំងជំនាញពេទ្យ និងបោសសម្អាតមីន។
នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្រុមការងារនឹងពន្លឿនការងារសាងសង់សួននេះ ឱ្យបានរួចរាល់នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
គួរបញ្ជាក់ថា សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន គឺស្ថិតក្នុងចំណោមសួនសមិទ្ធផល ចំនួន៣ផ្សេងទៀត ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សួនសមិទ្ធផលទាំង៣ទៀតនោះរួមមាន៖ សួនខឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដើម្បីបង្ហាញពីសមទ្ធិផលអ្នកដែលបានចូលរួមសាងសង់ រហូតកើតចេញសមិទ្ធផលនយោបាយឈ្នះ ឈ្នះ និងសួនវិស័យសន្តិសុខសង្គម ដើម្បីបង្ហាញពីសមិទ្ធផលនានារបស់កងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាតិ៕