(ភ្នំពេញ)៖ ដើម្បីបរិស្ថានល្អប្រសើរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យ និងធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ នាំគ្នាធ្វើការ សម្អាតមហាវិថី ឈ្នះឈ្នះ ឲ្យបានស្អាតជាប្រចាំ និងវេចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ ហើយពិនិត្យមើលដើមឈើ នៅអមសងខាងតាមមហាវិថីនេះ ក៏ត្រូវតែកាត់លះមែកឲ្យបានស្អាត ដើម្បីបង្ការការបាក់មែក ដោយប្រការណាមួយ ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ខណៈដែរលោក បានដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើលវិមាន ឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ នេះ ដើម្បីធ្វើយ៉ាងណាឲ្យតាមបណ្ដោយមហាវិថីនេះ មានបរិស្ថានល្អ និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
លោក ឃួង ស្រេង បានលើកឡើងថា នៅតាមបណ្ដោយមហាវិថី ឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ឃើញថា មានដី និងដក់ទឹក នៅតាមចិញ្ចើមផ្លូវ។
ជាមួយគ្នានេះ លោកអភិបាលរាជធានី ស្នើដល់អាជ្ញាធរធ្វើយ៉ាងណា ចុះណែនាំបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំង លក់ដូររបស់ខ្លួនឲ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឲ្យតំបន់នេះ មានអនាម័យ បរិស្ថានល្អ ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវជំងឺកូវីដ១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល នៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។
ក្រៅពីបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះ ឲ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រ កៀទឹកដក់នៅតាមបណ្តោយផ្លូវនេះឲ្យបានស្អាត។
លោក ឃួង ស្រេង បន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវ មើលថែដើមឈើជាប្រចាំ ពោលគឺបើដើមឈើដែលត្រូវលះមែក គឺត្រូវលះមែកចេញឲ្យបានស្អាត តែបើដើមឈើដែលងាប់ ក៏ត្រូវគាស់ចេញ និងដាក់ដាំថ្មីផងដែរ៕