(ឧត្តរមានជ័យ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បញ្ជូនទៅដាក់ពន្ធនាគារនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បន្ទាប់ពីបានប្រើអំពើហិង្សាយកដុំថ្មគប់ទៅលើឪពុកបង្កើតរបស់ខ្លួនបណ្តាលឱ្យបែកក្បាល ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួន។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាំ ផាត់មឿត អាយុ៧៨ឆ្នាំ រស់នៅភូមិគោគគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាឪពុកបង្កើត។ ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ គាត់ និងចៅស្រីអាយុ៨ឆ្នាំ បានត្រឡប់មកពីលក់មមៀញនៅផ្សារ លុះឈានជើងចូលដល់ផ្ទះ ស្រាប់តែឃើញកូនជាជនសង្ស័យកំពុងកាន់កាំបិតបុ័ងតោ ហើយនិយាយថា ចង់កាប់មនុស្សម្នាក់។
ឮសំដីលោកកូនពិរោះបែបនេះ គាត់មិនបានឆ្លើយតបភ្លាមៗទេ គាត់ក៏ដើរចេញក្រៅឈរនៅខាងត្បូងផ្ទះ ហើយនិយាយថា បើចង់កាប់អញចេញ មកកាប់ខាងក្រៅមក ឱ្យបងប្អូនបានឃើញទាំងអស់ គ្នាផង ឮឪពុកនិយាយដូច្នេះជនសង្ស័យឈ្មោះ ម៉ឹក លីជុង ហៅ ឆាំ ប៊ុនឆៃ អាយុ៤១ឆ្នាំ ក៏ទំលាក់កាំបិតបុ័ងតោចុះ ហើយរើសដុំថ្ម ដុំឥដ្ឋនៅក្បែរផ្ទះគប់ទៅលើឪពុក បណ្តាលឱ្យបែកក្បាលចំហៀង ខាងស្តាំហូរឈាម ភ្លាមៗនោះត្រូវបានបងប្អូនជិតខាងជួយឃាត់ និងយករូបគាត់ទៅមន្ទីរពេទ្យ។
ដោយឡែក ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តឧត្តរមានជ័យ លោក ចន សុភ័ក្រ ក៏បានចេញដីការបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យរូបនេះ ដាក់ពន្ធនាគារ និងបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ ឃុំខ្លួនជននេះរហូតមានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕