(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាព ខ្វះខាតចំនួន៣២០គ្រួសារ មកពី៨សង្កាត់ ក្នុងក្រុងស្ទឹងសែននាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរលោក សុខ លូ បានថ្លែងអំណរគុណដល់លោក SAEMAUL ប្រធានតំបន់ នៃគម្រោងចលនាភូមិថ្មី ដែលកំពុងអនុវត្តន៍នៅភូមិចំនួនបី រួមមាន៖ ភូមិចំបក់ ភូមិកំរ៉ែង និងភូមិរកា ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីជួយលើកស្ទួយជីវភាព បង្កើតទម្លាប់ល្អដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតាមរយៈការបង្កើតឲ្យមានទិវាអនាម័យ បណ្តុះបណ្តាលអំពីការដាំដុះដំណាំជាច្រើនប្រភេទផ្តល់គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាសន្រ្តផងដែរ ជាពិសេសបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន នឹងជួយដោះស្រាយបញ្ហាទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវសម្ភារ និងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ស្របពេលដែលប្រទេសកម្ពុជា កំពុងតែរងផលប៉ះពាល់នូវជំងឺកូវីដ១៩ នៅពេលនេះ។
ជាមួយគ្នានោះដែរលោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរទម្លាប់នៃការរស់ នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាតទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំនៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។
លោកបន្ថែមទៀតថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែទទួលរងនូវផលប៉ះពាល់ជំងឺកូវីដ-១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
ចុងបញ្ចប់ លោក សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅឲ្យចូលរួមគោរព ច្បាប់ចរាចរណ៍រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ម៉ាសក្រណាត់ ក្រម៉ា សាប៊ូលាងដៃ អាកុលដបតូច និងអាកុលដបធំ៕