(ភ្នំពេញ)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងនឹងបេ្ដជ្ញាខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីជំរុញ ឲ្យពលរដ្ឋខ្មែរ ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យកាន់តែច្រើនឡើងទ្វេដងបន្ថែមទៀត។
ការគូសបញ្ជាក់យ៉ាងដូច្នេះ របស់មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ៖ «ការជំរុញឲ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក»។
លោក ស៊ាង ថៃ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវផែនការជាយុទ្ធសាស្ដ្រ នូវការផ្ដើមយុទ្ធនាការ ទិញផលិតផលខ្មែរ តាំងពីឆ្នាំ២០១៥ ហើយបន្ដធ្វើរហូតមកដល់បច្ចុប្បន្ន។
លោក ស៊ាង ថៃ បានឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការ ទិញផលិតផលខ្មែរ ក្នុងមួយឆ្នាំរៀបចំ៤-៥ដង នៅតាមបណ្ដាខេត្ត និងចុងបញ្ចប់ នៅរាជធានីភ្នំពេញ ខណៈដែលក្នុងយុទ្ធនាការទាំងអស់នោះ មានការគាំទ្រយ៉ាងខ្លាំង ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ក្នុងយុទ្ធនាការទិញផលិតផលខ្មែរនេះ ក្រសួងរៀបចំឲ្យមានលក្ខណៈជាប្រព័ន្ធ មិនមែនគ្រាន់តែដាក់តាំងបង្ហាញផលិតផល ដែលផលិតបានតាមបណ្ដាខេត្តនោះទេ គឺក្រសួងរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយផងដែរ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្ម មានផែនការ នឹងធ្វើកិច្ចការទាំងអស់នេះបន្ដទៀត ប៉ុន្ដែជាអកុសល មានការរាលត្បាលនៃជំងឺកូវីដ-១៩ ក្រសួងក៏សម្រេចពន្យារពេល នៃការរៀបចំវិញ។
លោក ស៊ាង ថៃ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្សារចុងសប្ដាហ៍ ដែលបានរៀបចំនៅតាមបណ្ដាខេត្តមួយចំនួនរួចមកហើយ ខណៈដែលនៅពេលខាងមុខទៀតនេះ ក្រសួងនឹងបន្ដរៀបចំនៅបណ្ដាខេត្តផ្សេងៗ ប៉ុន្ដែជាលក្ខណៈមិនធំទូលាយនោះឡើយ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។
លោក ស៊ាង ថៃ បានបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្ម នឹងចូលរួមយ៉ាងសកម្មបន្ថែមទៀត នៅក្នុងការអនុវត្ដគោលនយោបាយ ដែលរាជរដ្ឋាភិបាល លើកទឹកចិត្ដឲ្យសហគ្រាសធុនតូច និងមធ្យម តាមរយៈសកម្មភាពដែលបានធ្វើកន្លងមក បូកបន្ថែមនឹងការងារពាណិជ្ជកម្ម ត្រូវធ្វើបន្ថែមទៀត។
បន្ថែមពីនោះទៀត លោក ស៊ាង ថៃ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងខិតខំជួយទៅដល់កសិដ្ឋានធំៗ ដើម្បីជួយរកទីផ្សារជូនពួកគាត់ ក្នុងការគោលបំណង ជួយបង្កើនការនាំចេញ ឲ្យបានកាន់តែច្រើន។
លោក ស៊ាង ថៃ បានលើកឡើងទៀតថា នៅថ្ងៃខាងមុខ ដើម្បីគាំទ្រនូវផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម នឹងពង្រឹងទីផ្សារ Niche Market ដែលមានសារៈសំខាន់ ទៅលើទំនិញ ដែលមានភាពលេចធ្លោ និងមានការកែច្នៃខ្ពស់ផងដែរ។
ក្នុងនាមក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជួយគាំទ្រដល់ផលិតផលខ្មែរបន្ដទៅទៀត ព្រោះវាមានតែការជួយគ្នា ទៅវិញទៅមកទេ ដែលអាចលើកទឹកចិត្ដ ឲ្យអ្នកផលិតមានលទ្ធភាព ផលិតកាន់តែល្អប្រសើរជាងមុន៕