(ភ្នំពេញ)៖ អម្រឹតបើកសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធី «ខ្ចីលុយបានទូរស័ព្ទ!» និងចុះអនុស្សរណៈយោគយល់ជាមួយ ViVo និង Metfone ក្នុងការលើកកម្ពស់ប្រតិបត្តិការធនគារតាមរយៈទូរស័ព្ទដៃ និងម្យ៉ាងវិញទៀត គឺដើម្បីបង្កើនការប្រើប្រាស់ប្រព័ន្ធធនាគារចល័តទៅដល់ដៃអតិថិជន។
ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធី «ខ្ចីលុយបានទូរស័ព្ទ!» និងចុះអនុស្សរណៈយោគយល់រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតជាមួយ ViVo និង Metfone ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដោយមានការចូលរួមពីលោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់, លោក អាលែន វី នាយកអង្គភាពពាណិជ្ជកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រួមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀតមកពីក្រុមហ៊ុន ViVo និង Metfone។
នាឱកាសនោះលោក តាន់ យូហៃ បាន បញ្ជាក់ថា «ដោយមានការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារយៈប៉ុន្មានឆ្នាំនេះ អម្រឹតរំពឹងថា នឹងមានការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធធនគារ ចល័តរបស់អម្រឹត (Amret Mobile) តាមរយៈការចែកជូនឥតគិតថ្លៃ នូវទូរស័ព្ទស្មាតហ្វូនវីវូ ទៅកាន់អតិថិជនអម្រឹត ដែលស្នើឥណទានពីអម្រឹតចាប់ពីថ្ងៃទី០១ ខែសីហា រហូតដល់៣១ តុលា ឆ្នាំ២០២០»។
លោកបន្ថែមថា «ការស្នើឥណទានចាប់ពី៤,០០០ដុល្លារ រហូត ៩,៩៩៩ដុល្លារ នឹងទទួលបានឥតគិតថ្លៃនូវទូរស័ព្ទ ViVo Y1s ចំនួនមួយគ្រឿង ដែលមានតម្លៃ១០៩ដុល្លារ និងកម្ចីលើសពី ១០,០០០ដុល្លារ នឹងទទួលបានទូរស័ព្ទ ViVo Y11 ដែលមានតម្លៃ១៣៩ដុល្លារ»។
លោក បួយ មិញ បិញ អគ្គនាយករងនៃក្រុមហ៊ុន Metfone បានឲ្យដឹងថា ដើម្បីធ្វើឲ្យការផ្តល់ជូននេះកាន់តែពិសេស វាពិតជាមិនអាចអត់បានជាមួយបណ្តាញប្រព័ន្ធទូរស័ព្ទ សម្រាប់ការប្រើប្រាស់អ៉ីនធឺណែត និងការទំនាក់ទំនង ក្រុមហ៊ុន Metfone បានធ្វើការបន្ថែមឥតគិតថ្លៃនូវស៊ីមកាត ដែលមានទិន្ន័យ ១ជីកាបៃ និងការហៅទូរស័ព្ទ១០០នាទីក្នុងប្រព័ន្ធ ដើម្បីសម្រួលដល់អតិថិជនរបស់អម្រឹត ងាយស្រួលក្នុងការធ្វើប្រិតបត្តិការធនគារ ដោយមិនប្រើប្រាស់ប្រាក់សុទ្ធតាមរយៈទូរស័ព្ទដៃ។
លោកបន្ថែមថា «វាពិតជាពិសេសណាស់សម្រាប់យើង ក្នុងការសហការជាមួយអម្រឹត និង vivo។ ក្នុងនាមជាក្រុមហ៊ុនបណ្តាញទំនាក់ទំនងឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Metfone បានពង្រីកវិសាលភាពបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ ទៅកាន់សហគមន៍ដែលដាច់ស្រយ៉ាល ដែលវាបានផ្តល់នូវភាពងាយស្រួលទៅដល់អតិថិជនរបស់អម្រឹត ក្នុងការធ្វើប្រតិបត្តិការដោយមិនមានការបារម្មណ៍ ពីភាពរអាក់រអួលនៃសេវ៉ាទំនាក់ទំនងឡើយ»។
លោក អាលែន វី លើកឡើថា «អតិថិជនគោលដៅរបស់យើង ដែលទទួលបានសម្រាប់ការផ្តល់ជូនពិសេសនេះ គឺភាគច្រើនជាកសិករ ខ្នាតតូច និងមធ្យម និង ម្ចាស់អាជីវកម្មផ្នែកកសិកម្មនៅតាមជនបទ»។
លោកបានឲ្យដឹងទៀតថា «យើងជឿជាក់ថានេះជាការច្នៃប្រឌិតថ្មីមួយ ដើម្បីធ្វើឲ្យអតិថិជនរបស់យើងទទួលបានការប្រើប្រាស់ប្រព័ន្ធធនាគារចល័តបានលឿន និងមានសុវត្ថិភាព ដែលស្របជាមួយនឹងការជំរុញពី ធនាគារជាតិ នៃកម្ពុជា អោយមានការប្រើប្រាស់ប្រតិបត្តិការគ្មានប្រាក់សុទ្ធផងដែរ»។
លោក ចាង ថោវ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន vivo បានឲ្យដឹងដែរថា «Vivo គឺជាម៉ាកទូរស័ព្ទល្បីដែលត្រូវបានគេទទួលស្គាល់ថា ជាទូរស័ព្ទឆ្លាតវៃមួយនៅក្នុងប្រទេសកម្ពុជា។ Vivo Y1s គឺម៉ូដែលទូរស័ព្ទជំនាន់ចុងក្រោយបង្អស់របស់យើង ដែលគ្រោងនឹងដាក់លក់នៅពាក់កណ្តាលខែសីហាខាងមុខ នៅក្នុងប្រទេសកម្ពុជា»។
លោកបន្តថា «យើងមានក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូននូវទូរស័ព្ទម៉ូដែលនេះ ដល់អម្រឹតមុនកាលកំណត់នៅថ្ងៃដាក់លក់ផ្លូវការរបស់យើង។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើង ដើម្បីឆ្ពោះទៅរកយុទ្ធនាការផ្សព្វផ្សាយមួយ ដែលទទួលបានការជោគជ័យសម្រាប់អម្រឹត»។
សូមបញ្ជាក់ថា អម្រឹតគឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័នពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័ន្ថអន្តរជាតិ ដែលរួមមាន ធនាគារអភិវឌ្ឍន៍សហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ធនាគារពិភពលោក។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និងប្រាក់បញ្ញើទៅកាន់អតិថិជនជាង ៥០០,០០០នាក់ ដែលមានចាប់ពីកសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹតមានសាខាចំនួន ១៥៨ទូទាំងប្រទេស មានបុគ្គលិកជាង ៤,៥០០នាក់ និងមានទ្រព្យសកម្មសច្រើនជាង១ពាន់លានដុល្លារ និងប្រាក់បញ្ញើច្រើនជាង៥០០លានដុល្លារ៕