(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្តល់ស្បៀងអាហារ និងសម្ភារអនាម័យ ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយការលំបាក កំឡុងពេល ការរីករាលជំងឺកូវីដ-១៩ របស់គ្រួសារជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត ចំនួន១៨៩គ្រួសារ មកពីស្រុកភ្នំក្រវ៉ាញ និងក្រុងពោធិ៍សាត់។
ពិធីនេះ រៀបចំឡើងដោយអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ក្រោមជំនួយគាំទ្រឧបត្ថម្ភរបស់អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកអភិបាលខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា ប្រធានមន្ទីរសង្គមកិច្ចខេត្ត អភិបាលស្រុកភ្នំក្រវ៉ាញ ក្រុងពោធិ៍សាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងលោក ផែង សំណាង នាយកអង្គការ DDSP។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ពិធីផ្តល់ស្បៀងអាហារ និងសម្ភារអនាម័យ នៅខេត្តពោធិ៍សាត់នេះ គឺជាលើកទី២ ដែលអាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ចែកជូនដល់ជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត សរុបប្រមាណ៩២០គ្រួសារ ក្នុងគោលដៅ ចូលរួមជួយសម្រួលបន្ទុក ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។
ទេសរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត។ លោកបន្តទៀតថា រៀងរាល់ពេល សម្តេចតេជោ តែងតែចង់ឃើញប្រទេស និងប្រជាជនកម្ពុជា ទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងមានជីវភាពធូរធារដូចគ្នា ក្នុងនោះ រួមមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ដីសុវត្ថិភាពរួចផុត ពីការគម្រាមកំហែងដោយសារមីន ជូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមាន ពិការភាពទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់នូវបេះដូង សេចក្ដីស្រលាញ់ និងការថែរក្សាបីបាច់ចំពោះក្រុមគ្រួសារ ដែលបេសកកម្មទាំងនេះ គឺជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកម្ពស់ជីវភាពរស់នៅ ការលើកទឹកចិត្ត និងការផ្តល់សុភមង្គលក្នុងគ្រួសារ។
លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះបងប្អូនពិការភាព ដែលបានខិតខំប្រឹងប្រែង និងជាឈរជាបង្គោលយ៉ាងរឹងមាំចំពោះគ្រួសារ ដែលនេះ បានសរបញ្ជាក់ ឲ្យឃើញថា ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានបម្រើសេវាសាធារណៈគ្រប់បែបយ៉ាង ក្នុងការជួយសម្រួល ដល់បងប្អូនជនពិការភាព នៅតាមមូលដ្ឋានរបស់ខ្លួន។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton នេះ ដែលផ្តល់នូវបេះដូង និងចិត្តមេត្តាធម៌ ចំពោះប្រជាពលរដ្ឋកម្ពុជាពីចំងាយ ចូលរួមចំណែកកាត់បន្ថយ ការលំបាករបស់គ្រួសារជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត ក្នុងកំឡុងពេលការរីករាលដាល នៃជំងឺ COVID-19៕