(កណ្ដាល)៖ ប្រជាពលរដ្ឋដែលមានការសង្ស័យថាបានឆ្លងជំងឺគ្រុនឈីកប្រមាណ១៨៥នាក់ ស្ថិតនៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្ដាល ទទួលបានការ សាកសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅគ្រា ដែលលោកបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ប្រគល់ជូនពួកគាត់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។
លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្តីនឹករឭក។ កាកបាទ ក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាកទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ជំងឺគ្រុនឈីកនេះជាប្រភេទជំងឺថ្មីមួយប្រភេទទៀត ដែលវាបានធ្វើឱ្យអ្នកដែលបានឆ្លងជំងឺនេះ មានអការៈក្តៅខ្លួនខ្លាំង មុខឡើង ក្រហម ហើយនៅលើខ្លួនមានឡើងកន្ទួលក្រហមតូចៗ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ហើយជំងឺនេះឆ្លង តាមរយៈមូសខ្លាញីគឺជាភ្នាក់ងារចម្លង។
លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យបានឆ្លងជំងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មាន សមត្ថភាពផ្នែកជំងឺគ្រុនឈីកឲ្យសោះ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានការសង្ស័យបានឆ្លងជំងឺគ្រុនឈីក នៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ លោក គង់ សោភ័ណ្ឌ ក៏បាននាំមកនូវអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលមានការសង្ស័យឆ្លង ជំងឺគ្រុនឈីកនេះផងដែរ។
សូមបញ្ជាក់ដែរថា គិតមកដល់ពេលនេះអ្នកឆ្លងជំងឺគ្រុនឈីកនៅស្រុកពញ្ញាឮ ខេត្តកណ្ដាល បានជាសះស្បើយចំនួន១៦៣នាក់ហើយ ខណៈជាអ្នកជំងឺចំនួន២២នាក់ផ្សេង ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕