(រតនគិរី)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាល និងមន្ត្រីកាំកុងត្រូល បានចុះត្រួតពិនិត្យនិងដកហូតម្សៅទឹកដោះគោក្មេង ក្នុងដេប៉ូលក់ដូរមួយកន្លែង ជាប់សាខាធនគារកាណាឌីយ៉ា ក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរនគិរី។
ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ប្រាប់ឲ្យដឹងថា ការចុះប្រតិបត្តិការខាងលើនេះ បន្ទាប់ពីមានគណនី Facebook ឈ្មោះ Sela បានបង្ហោះថា គាត់បានទៅទិញទឹកដោះក្នុងដេប៉ូខាងលើចំនួន២កំប៉ុង យកទៅឲ្យកូនផឹក ស្រាប់តែឥឡូវកូនឈឺជាតិស្ករឡើង។
លោកឧត្តមសេនីយ៍ស្នងការរងរូបនេះ បន្តថា បន្ទាប់ពីទទួលព័ត៌មានរួច គាត់រាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងមានការឯកភាពពីលោកព្រះរាជអាជ្ញា កម្លាំងជំនាញក៏ចុះត្រួតពិនិត្យជាក់ស្តែងតែម្តង។
លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យដេប៉ូលក់ដូរខាងលើ កម្លាំងសមត្ថកិច្ចសង្កេតឃើញថា កាលបរិច្ឆេទកំប៉ុងទឹកគោអាចលុបបាន និងមួយចំនួនទៀត លុបមិនបាន រួចបានដកហូតចំនួន៦០កំប៉ុង មករក្សាទុក និងបានយកទឹកដោះក្មេង ចំនួន៣កំប៉ុង ទៅធ្វើការពិសោធន៍នៅរាជធានីភ្នំពេញ ព្រមទាំងធ្វើការឃាត់ខ្លួនអ្នកលក់ទឹកដោះគោក្មេងម្នាក់ឈ្មោះ គឹម អ៊ូយ ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ដេប៉ូលក់ដូរទីតាំងខាងលើផងដែរ៕