(កោះកុង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំ និងក្រើនរំលឹកឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុងទាំងអស់ ត្រូវបន្តខិតខំអនុវត្តន៍ការងារវិមជ្ឈការ វិសហមជ្ឈការ និងមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
ការណែនាំ និងក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពេលលោករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកោះកុង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីទាំងអស់ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ លើសពីនោះត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់ការពារអ្នកប្រើប្រាស់ បានចូលជាធរមានហើយ រីឯឯកសណ្ឋានថ្មី របស់ ក.ប.ប. ក៏ត្រូវបានអនុម័តរួចហើយដែរ ហេតុនេះមន្ត្រី ក.ប.ប. ទាំងអស់ត្រូវខិតខំអនុវត្តតួនាទីឲ្យបានខ្ជប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់ ព្រោះយើងជាមន្រ្តីនគរបាលយុត្តិធម៌។
លោករដ្ឋមន្ត្រីបានរំលឹកមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាក.ប.ប.ខេត្តទាំងអស់ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និង តម្លៃ តាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង និងតាមដានការប្រកបអាជីវកម្ម ដែលគ្មានការអនុញ្ញាត ត្រឹមត្រូវ ហើយត្រូវរៀបចំបែងចែកការងារ និងប្រគល់ភារកិច្ចឲ្យទទួលខុសត្រូវដល់ ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និង មន្ត្រី ក្រោមឱវាទ ឲ្យសមស្របតាមសមត្ថភាពការងារ និងត្រូវរៀបចំផែនការសកម្មភាពការងារ ផ្អែកតាមផែនការយុទ្ធសាស្រ្ដរបស់ក្រសួង ពាណិជ្ជកម្មក៏ដូចជា ផែន ការ សកម្មភាពរបស់មន្ទីរ ឲ្យបានច្បាស់លាស់។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ពង្រឹងរបបការងារ បង្កើនការគោរពវិន័យ និងរៀបចំការប្រជុំត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផល ការងារជា ប្រចាំ ពិសេសត្រូវបង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក៏ដូចជាស្ថាប័នផ្សេងៗទៀតនៅជុំវិញខេត្តផងដែរ ជាពិសេសត្រូវខិតខំក្ដាប់ឲ្យបាននូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធ និងរាយការណ៍ទៅលោកស្រីអភិបាលខេត្ត និងក្រសួងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា៕