(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានចែកទេយ្យទានដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១៥គ្រួសារ និងចែកក្រម៉ា ថវិកា ដល់យាយជីតាជីចំនួន១០០នាក់ នៅវត្តបល្ល័ង ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង, ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូយន្តទិន្នោ នាង ភារុណ ជំនួយការសាលាអនុគណស្រុករលាប្អៀរ រួមទាំងមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីកា ថ្លែងអំណរគុណនឹងដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពី របបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើប្រទេស ជាតិមានសុខសន្តិភាពពេញលេញ បន្តអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យដើរទន្ទឹមគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររហូតដល់បច្ចុប្បន្ននេះ។
ព្រះមេត្តិសត្ថាវង្ស កុសល មានសង្ឃដីកាបន្តថា ការផ្តល់អំណោយនៅពេលនេះគឺដោយមើលឃើញពីការខ្វះខាត និងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ លើកស្ទួយជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាល ដាលនៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាក៏រងផលប៉ះពាល់ជំងឺនេះផងដែរ។
លើកឡើងក្នុងឱកាសនោះដែរលោក សរ លាង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំដោយអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុង គ្រួសារ និងនៅក្នុងសហគមន៍។
លោក សរ លាង ក៏បានស្នើឱ្យប្រជាពលរដ្ឋកុំធ្វើចំណាកស្រុកដោយប្រថុយប្រថានដោយខុសច្បាប់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅឱ្យខិតខំរៀន សូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម និងត្រូវខិតខំបង្កើនមុខរបររកចំណូលប្រចាំថ្ងៃ ជាពិសេសបង្កបង្កើនផលស្រូវឱ្យបាន ទាន់រដូវ និងរួមគ្នាថែរក្សាសន្តិភាពឱ្យនៅគង់វង្សបន្តទៀតផងដែរ។
សូមបញ្ជាក់ថា ទេយ្យទានដែលបានចែកជូនគ្រួសារងាយរងគ្រោះ១៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និង ថវិកា ៣ម៉ឺនរៀល និងតាជីយាយជី១០០នាក់ ក្នុងម្នាក់ទទួលបានក្រម៉ា១ និងថវិកា៥ពាន់រៀល និងជួយដល់សាលាឃុំពង្រថវិកាចំនួន ១២០ដុល្លារផងដែរ៕