(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង សត្វគោ ក្របី ដើម្បីការពារជំងឹឆ្លងផ្សេងៗ ស្ថិតនៅក្នុងភូមិដូង ឃុំតុងរ៉ុង ស្រុកព្រៃឈរ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ជារៀងរាល់ឆ្នាំ ក្នុងខែសីហា មន្ត្រីជំនាញកសិកម្ម តែងតែបានអនុវត្ត ការចាក់ថ្នាំការពារជំងឺឆ្លង ដល់សត្វគោ ក្របី តាមខ្នងផ្ទះ ប្រជាពលរដ្ឋ ឲ្យបានមុនពេលទឹកជំនន់ ដោយហេតុថា ពេលមានទឹកជំនន់ គោ ក្របី វាងាយនឹងកើតជំងឺ៣ចំណុច៖ ជំងឺសារទឹក, ជំងឺអុតក្តាម និងជំងឺបូសខ្យល់។
លោកអភិបាលខេត្ត បានបន្តថា ថ្វីដ្បិតតែសម័យកាលនេះទំនើប មានប្រជាកសិករមួយចំនួន មានលទ្ធភាពប្រើគ្រឿងចក្រ ប៉ុន្តែក៏នៅមានកសិករជាច្រើន ដែលកំពុងតែប្រើប្រាស់សត្វគោ ក្របី ដើម្បីប្រកបការងារកសិកម្មនេះផងដែរ ពោលគឺសត្វគោ ក្របី ពិតជាមានផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាកសិករ។
លោកថា ដូច្នេះអាជ្ញាធរខេត្ត ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការចាក់ថ្នាំការពារសុខភាពសត្វ នៅគ្រប់មូលដ្ឋាន ទាំងអស់ក្នុងខេត្តកំពង់ចាមតែម្តង ដើម្បីកុំឲ្យមានសត្វគោ ក្របី ងាប់ដោយសារជំងឺឆ្លងនោះ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរ ដល់ប្រជាកសិករ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា បើទោះជាមុន ឬក្រោយពេលកើតមានជំងឺកូវីដ១៩ក៏ដោយ ក៏វិស័យនេះ នៅតែសំខាន់សម្រាប់ប្រជាពលរដ្ឋ ប្រមាណជាង ៦០% ដែលប្រកបមុខរបរកសិកម្មនេះ ពិសេសគឺរំពឹងទៅលើសត្វគោ ក្របី ជាកម្លាំងអូសទាញតែម្តង លោកថា ដូច្នេះហើយទើបអាជ្ញាធរ បានយកចិត្តទុកដាក់ គិតគូការពារសុខភាពសត្វគោ ក្របី ជាចំណុចចំបង ព្រោះសត្វពាហនៈទាំងនោះ អាចជួយជាប្រយោជន៍យ៉ាងច្រើន នាំឲ្យបងប្អូនប្រជាពលរដ្ឋ មានជីវភាពធូរធារ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍ ទៅលើដំណាំស្រូវក្នុងឆ្នាំកន្លងទៅនេះ ដោយមើលឃើញថា នៅតំបន់ខ្លះ កសិករអាចដាំស្រូវ បានដល់ ទៅ៣ដង ក្នុងមួយឆ្នាំ ដោយសារតែពួកគាត់មានប្រភពទឹកគ្រប់គ្រាន់ ធ្វើឲ្យជីវភាពពួកគាត់កាន់តែធូរធារ ដោយសារផលដំណាំស្រូវរបស់គាត់ ទទួលបានក្នុង១ហិកតា ជាមធ្យមបាន៦តោន។
លោកបន្ថែមថា ប៉ុន្តែនៅតំបន់ខ្លះ គឺស្រូវស្កកខូច ដោយសារគ្រោះរាំងស្ងួត ហើយក៏ជាតំបន់ដែលពុំមានប្រភពទឹក ដោយកសិករ ដាំស្រូវពឹងទៅលើទឹកភ្លៀងទាំងស្រុង ប្រការនេះ ទើបអាជ្ញាធរខេត្ត មានគម្រោងនៅឆ្នាំ ២០២២ និងបង្វែរពីការអភិវឌ្ឍផ្លូវ ទៅជាការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវិញម្ដង ដើម្បីធ្វើឲ្យកសិករ មានប្រភពទឹកគ្រប់គ្រាន់ ដើម្បីបង្កបង្កើនផលលើវិស័យកសិកម្មនេះ៕