(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅលើពិភពលោកយើងនេះគ្មានកាសែតណាមួយដែលឯករាជ្យ១០០%នោះទេ ហើយក៏មិនមានអ្នកសារព័ត៌មានណាដើរហួសបន្ទាត់និពន្ធនាយកដែរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការរៀបចំសន្និសីទរបស់ អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យកាន់តែខិតជិតគ្នារវាងអ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាល ដែលធ្វើឱ្យមន្ត្រីរាជរដ្ឋាភិបាល អាចយល់ច្បាស់ពីកិច្ចការរបស់សារព័ត៌មានហើយសារព័ត៌មានកុំមានការយល់យោគចំពោះមន្ត្រីរាជរដ្ឋាភិបាល ដើម្បីបម្រើមហាជន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងអំពីការផ្ដល់ជូនមេធាវីរបស់សម្ដេចតេជោ ក្នុងការជួយដល់អ្នកសារព័ត៌មានដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយមានការប្ដឹងផ្ដល់នៅតុលាការ។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបញ្ជាក់ថា ការងារនេះនឹងមិនជួយអ្នកសារព័ត៌មានដែលជំរិតទារប្រាក់ពីអ្នកដទៃ តែក្នុងករណីខ្លះអ្នកសារព័ត៌មានមានទោសកំហុស យើងក៏ជួយសម្រួលទោសកំហុសរបស់គាត់តាមដែលអាចធ្វើបាន។
លោករដ្ឋមន្ត្រី បានសំណូមពរដល់មន្ត្រីក៏ដូចជាសាធារណជន កុំឱ្យគិតថា អ្នកសរសេរអត្ថបទអវិជ្ជមានជាអ្នកប្រឆាំងទាំងអស់ ហើយក៏កុំឲ្យគិតថាអ្នកសារព័ត៌មានថា មានទោសអ្នកកាសែតសុទ្ធតែរងគ្រោះទាំងអស់នោះទេ។
លោក ខៀវ កាញារីទ្ធ បានណែនាំដល់អ្នកនាំពាក្យទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នហើយត្រូវកុំខឹងនៅពេលដែលអ្នកសារព័ត៌មានសួរសំណួរ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ជាជំហររបស់ក្រសួងព័ត៌មាន នឹងមិនប្ដឹង Fake News នោះទេ។ Fake News បានចាក់ក្រឡេកមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីមន្ទីរតាមបណ្ដាខេត្ត កុំឲ្យដេកលង់លក់ដោយត្រូវធ្វើការបំភ្លឺ ហើយយើងមិនអាចទៅយកអ្នកសរសេរ Fake News ទាំងអស់យកទៅដាក់គុកបានទេ។
លោក ខៀវ កាញារីទ្ធ បានគាំទ្រនៅមតិរបស់តំណាងសារព័ត៌មាន Fresh News ដែលចង់ឲ្យសន្និសីទសារព័ត៌មាន របស់លោក ផៃ ស៊ីផាន បានលើកឡើងពីអ្វីដែលទាក់ទងនឹងបច្ចុប្បន្នភាព។
នៅក្នុងពិធីនោះ លោករដ្ឋមន្ត្រី ក៏បានពន្យល់អំពីយុទ្ធសាស្ត្ររបស់អតីតក្រុមប្រឆាំង ដែលខិតខំធ្វើយ៉ាងណាដើម្បីឲ្យគណបក្សកាន់អំណាចចុះខ្សោយ និងមួយទៀតគឺកុំឱ្យភ្លេចពួកគេផងដែរ៕