(ក្រចេះ)៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ សហគមន៍នេសាទរកាកណ្តាលដឹកនាំដោយលោក សេង ភីណា អភិបាលរងក្រុងក្រចេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្រ្កាបបទល្មើសនេសាទខុចច្បាប់ នៅបឹងរំលែច ស្ថិតនៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ ដោយមានការចូលរួមពីមន្រ្តីអធិការនគរបាលក្រុងក្រចេះ មន្រ្តីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ នគរបាលប៉ុស្តិ៍រការកណ្តាល ក្រុមប្រឹក្សាសង្កាត់រការកណ្តាល ជាលទ្ធផលបានដកហូតវត្ថុតាងនៃបទល្មើសនេសាទ ដោយឧបរករណ៍នេសាទ ខុសច្បាប់ជាច្រើនរួមមាន លូស្បៃមុង ចំនួន៤២មាត់លូ, របាំងស្បៃមុង ចំនួន៤២ខ្សែ ប្រវែង ២៥២០ម៉ែត្រ, បង្គោលឫស្សីឃ្លៃ ចំនួន ៤៥០ដើម, លបប្រើស១០០ ចំនួន ៣៥ខ្សែ ប្រវែង១,០៥០ម៉ែត្រ, ចាក់លែងត្រីចូលបឹងវិញចំនួន១២គីឡូក្រាម, អាំងវ៉ែកទ័រឆក់ត្រី០១គ្រឿង អាគុយកម្លាំង ៤០អាំពែ ០១គ្រឿង និងដងឆក់ត្រី ០១គូរ ។
លោកបន្តទៀតថា វត្ថុតាងត្រូវរឹបអូសនេះនឹងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ដើម្បីទុកជូនដល់សហគមន៍ឬក៏ក្រុមប្រឹក្សាឃុំ ដែលមានបំណង ចង់យកទៅបំរើក្នុង ប្រយោជន៍វិស័យកសិកម្ម ហើយខណ្ឌរដ្ឋបាលជលផលនិងផ្ដល់ជូនតាមការស្នើរសុំទៅតាមវត្ថុតាងដែលនៅសេសសល់ក្នុងឃ្លាំង។
លោក ម៉ុក ពន្លក បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទសូមយោគយល់ និងសុំឱ្យមានការចូលរួមដើម្បីថែរក្សាការពារនូវធនធានជលផល ទាំងអស់គ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលហាមឃាត់ ដូចជាឧបករណ៍ឆក់ត្រី និងឧបករណ៍ នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង,ទន្លេ,ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ ទាំងនេះបានបំផ្លិចបំផ្លាញ់ទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិសក៍មិនសេះសល់ដែរ។
លោកបញ្ជក់ទៀតថា លោកនិងដឹកនាំមន្រ្តីរបស់លោក សហការជាមួយអាជ្ញាធរដែនដីគ្រប់លំលំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើសជលផល ក្នុងរដូវបិទនេសាទនេះឲ្យដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមចំណែកក្នុងកា ការរពារថែរក្សាធនធានជលផល ដែលកំពុងតែមានការយាយី កំពុងតែមានការរងគ្រោះ កំពុងតែជួបប្រទះនូវបញ្ហាបទល្មើសជាច្រើន ដែលកំពុងធ្វើសកម្មភាពបំផ្លាញមច្ឆារជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕