(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានបន្តដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹក ក្រោយពីមានភ្លៀងធ្លាក់ជោគជាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ពិសេសពិនិត្យទីតាំងប្រឡាយព្រែកជីកភូមិតាអេង និងប្រឡាយភូមិត្រពាំងធំ ដែលជាប្រភពសំខាន់នៃការរំដោះទឹកចេញពីសង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្ដាល ក្នុងក្រុងកំពត និងឃុំត្រពាំងធំ នៃស្រុកទឹកឈូ ដែលសុទ្ធសឹងហូរទៅកាន់ព្រែកកំពង់បាយ ចេញទៅសមុទ្រ។
តាមមន្ត្រីគម្រោង បានបញ្ជាក់ថា ប្រឡាយព្រែកជីកភូមិតាអេងនេះ គឺស្ថិតនៅក្នុងគម្រោងស្ដារប្រឡាយរំដោះទឹកចេញពីទីក្រុងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែគម្រោងនេះមិនទាន់បាន អនុវត្តចប់នៅឡើយ អភិបាលខេត្ត នឹងជួបជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សា ក្នុងការស្ដាប្រឡាយនេះមុន ដើម្បីរំដោះទឹកចេញពីក្រុងកំពតឲ្យបានឆាប់រហ័ស។
ពាក់ព័ន្ធនឹងប្រឡាយ ក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ក្នុងស្រុកទឹកឈូ មានការចាក់ដីលុប និងសាងសង់ផ្ទះនៅលើប្រឡាយ ដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការស្ដារប្រឡាយឡើងវិញ ដើម្បីដោះស្រាយបញ្ហានេះ លោកអភិបាលខេត្ត ផ្តល់ជូនលូមូលប្រវែង ៥០០ម៉ែត្រ ដើម្បីតភ្ជាប់ទៅព្រែកជីក ក្នុងភូមិតាអេង សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់លោកអភិបាលក្រុងស្រុក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវបន្តការខិតខំពិនិត្យឡើងវិញ នូវប្រព័ន្ធបង្ហូររំដោះទឹក នៅតាមមូលដ្ឋាន និងទប់ស្កាត់ការចាក់បំពេញដីក្នុងប្រព័ន្ធបង្ហូរទឹកទាំងអស់នេះ និងស្នើសុំឱ្យបន្តពិនិត្យស្ថានភាពទឹកភ្លៀងជាប្រចាំ ខ្លាចបង្កទៅជាជំនន់ទឹកភ្លៀង ដែលកើតឡើងជាយថាហេតុ។
ជាពិសេស ត្រូវត្រៀមលក្ខណៈគ្រប់មធ្យោបាយ ដើម្បីជួយអន្តរាគមន៍ ឬជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ទឹកជំននន់កើតឡើង។ លោកអភិបាលខេត្ត ក៏សំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយជំនន់ទឹកភ្លៀងនោះឡើយ ដោយគ្មានការអន្តរាគមន៍ ពីអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចយើងបានឡើយ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រែកទាំងអស់ រួមទាំងម្ចាស់បឹងហ្គាឡូ រមណីយដ្ឋាននានា ស្ថិតនៅជាប់ទីតាំងដងព្រែក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូចប្រព័ន្ធភ្លើងអគ្គីសនីប្រើប្រាស់ និងរបស់របរសំខាន់ៗជាដើមត្រូវត្រៀមលក្ខណៈបង្ការមុនពេលមានទឹកជំនន់មកដល់។
គួរបញ្ជាក់ថា នៅថ្ងៃនេះផងដែរ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ ក៏បានជម្រាបជូនដំណឹងដល់ រដ្ឋបាលខេត្តកំពត និងមន្ទីរស្ថាប័ន អង្គភាពពាក់ព័ន្ធ ឲ្យបានជ្រាប អំពីហានិភ័យ ដែលវារីអគ្គីសនីកំចាយបង្ហូរទឹកធ្លាក់ចុះមកដងព្រែកកំពង់បាយកំពតផងដែរ ដែលលំហូរទឹកធ្លាក់មកនោះ ក៏មានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅអមដងមាត់ព្រែកកំពង់បាយកំពតខ្លះផងដែរ៕