(ព្រៃវែង)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់លោក កែ សាខន ប្រធានសាលាដំបូងខេត្តព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង, សមាជិក នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, ថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។
ថ្លែងក្នុងពិធីនេះ រដ្ឋមន្រ្តី កើត រិទ្ធ បានគូសរំលេចអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្រេចបានក្នុងការកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌នៅកម្ពុជា និងទិសដៅការងារដែលក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ត្រូវអនុវត្តបន្ត សំដៅលើកកម្ពស់គុណភាព នៃការកាត់ក្តីឲ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឲ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ក្នុងគោលបំណងដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។
ក្នុងស្មារតីនេះ លោករដ្ឋមន្ដ្រី បានធ្វើការណែនាំដល់លោក លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ចំនួន៥ចំណុច ដូចខាងក្រោម៖
*ទី១៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។
*ទី២៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយ ប្រកបដោយអនាគតិ ក្នុងការធានាឲ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ជាពិសេស គឺការវៀរចាកនូវអគិតធម៌ទាំង៤ គឺឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់ បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។
*ទី៣៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូ និងកិត្យានុភាព នៃអង្គចៅក្រម ដោយត្រូវប្រកាន់ខ្ជាប់ ឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជន ចំពោះវិស័យយុត្តិធម៌។
*ទី៤៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
*ទី៥៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហប្រតិបតិ្តការល្អ ជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អ នៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាព នៃការបម្រើសេវាយុតិ្តធម៌ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ៕