(សៀមរាប)៖ ការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរ ជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើតគម្របបៃតងដល់បរិស្ថាន បង្កើតទេសភាពវប្បធម៌ ទាក់ទាញទេសចរ ជាជម្រកសត្វព្រៃ ពិសេសគឺការពារប្រាង្គប្រាសាទពីបម្រែបម្រួលនៃសីតុណ្ហភាព និងបរិយាកាស។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា មន្ត្រីសង្ឃខេត្តសៀមរាប ប្រជាពលរដ្ឋ ក្រោមការផ្តួចផ្តើមពីព្រះចៅអធិការវត្តអង្គរខាងជើង ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព ឋិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស បានប្រារព្ធពិធីដាំកូនឈើប្រណីតនិងឈើលម្អចំនួន ៥០០ ដើមក្នុងបរិវេណវត្ត។
ព្រះចរណសោភ័ណបណ្ឌិត គង់ សុភាព មានសង្ឃីដីកាពីគោលបំណងនៃការដាំដើមឈើ គឺដើម្បីលើកស្ទួយសោភ័ណភាពបៃតងក្នុងតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរា បណ្តុះទឹកចិត្តស្រឡាញ់បរិស្ថានដល់កូនខ្មែរគ្រប់រូប និងរួមចំណែកកាត់បន្ថយបម្រែបម្រួលអាកាសធាតុជាមួយពិភពលោក ព្រោះដើមឈើនៃជាប្រភពនៃជីវិត ផ្តល់ខ្យល់បរិសុទ្ធ និងសារៈប្រយោជន៍ជាច្រើនក្នុងការរស់នៅរបស់មនុស្សសត្វ។
មិនតែប៉ុណ្ណោះ ដើមឈើគឺជាកន្លែងដែលព្រះពុទ្ធចាប់កំណើត ត្រាស់ដឹង និងបរិនិព្វានផង ហើយការដាំដើមឈើនេះ ក៏បានផលអានិសង្ឃបុណ្យច្រើនណាស់។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាង្គប្រាសាទ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថានធម្មជាតិ ដែលផ្តល់ប្រយោជន៍ចំពោះប្រាសាទផងនិងមនុស្សផង។ នេះជាសកម្មភាពដ៏ប្រពៃថ្លៃថ្លាដែលព្រះសង្ឃនៃវត្តអង្គរខាងជើងនិងពុទ្ធបរិស័ទបានចូលរួមដាំដើមឈើប្រណីតៗ ៥០០ ដើមនៅក្នុងវត្ត ដើម្បីលើកតម្លៃបរិស្ថាននៅប្រាសាទអង្គរវត្ត។
លោកក៏បានសំណូមពរដល់ជនមួយចំនួនដែលមិនពេញចិត្តនឹងសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាថា «ទោះខឹងឬស្អប់ កុំបំផ្លាញដើមឈើដែលអាជ្ញាធរជាតិអប្សរាដាំ ព្រោះព្រៃឈើជាសម្បត្តិរួមដ៏មានសារៈសំខាន់បំផុតរបស់មនុស្ស បរិស្ថាន និងបុរាណដ្ឋាន»។
លោកកោតសរសើរ និងលើកទឹកចិត្តដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យឯកជនបន្តចូលរួមដាំដើមឈើឱ្យបានច្រើន ហើយសម្អាតបរិស្ថានឱ្យបានល្អក្រោយដាំរួច ពិសេសចូលរួមថែរក្សាដើមឈើដែលដាំហើយឱ្យបានគ្រប់ៗគ្នា។
អាជ្ញាធរជាតិអប្សរា មានស្ថានីយបណ្តុះកូនឈើចំនួន៥កន្លែងក្នុងរមណីយដ្ឋានអង្គរ មានពូជឈើប្រណីត ឈើលម្អជាច្រើនប្រភេទសម្រាប់ដាំក្នុងរមណីយដ្ឋានអង្គរ និងចែកជូនសាធារណជន ហើសម្រាប់គោលដៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរានិងដាំដើមឈើ រួមទាំងចែកកូនឈើទៅសហគមន៍ចំនួន ១០ ម៉ឺនដើម៕