(កំពង់ឆ្នាំង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រី សំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រី បុគ្គលិកនៃក្រុមសម្តេចឪដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍ យ៉ាងសកម្មមមាញឹក ក្នុងការជួយព្យួររាស់ដីស្រែស្រូវរដូវវស្សា ជូនប្រជាកសិករក្រីក្រ នៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ជូនផងដែរថា ការភ្ជួររាស់របស់ក្រុមសម្តេចឪ ជូនប្រជាកសិករ នៅក្នុងមូលដ្ឋាន ឃុំក្បាលទឹក បានប្រព្រឹត្តិទៅដោយត្រាក់ទ័រ២គ្រឿង និងគោយន្តចំនួន៧គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។
ក្រុមសម្តេចឪ បានចាប់ផ្តើមធ្វើការភ្ជួររាស់ដីស្រែជូនប្រជាកសិករនៅក្នុងមូលដ្ឋាននេះ បានដំណើរការពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៤ ខែសីហានេះ សម្រេចទទួលបានលទ្ធផលចំនួន៧០ហិកតា។ ក្រុមសម្តេចឪ កំពុងតែបន្តការខិតខំក្នុងការងារអន្តរាគមន៏ភ្ជួររាស់ដីស្រែ ជូនបងប្អូនប្រជាកសិករ រស់នៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ឲ្យបានរួចរាល់ទៅតាមគម្រោងផែនការ ដែលបានគ្រោងទុក។
ក្រុមសម្តេចឪនឹងបន្តការខិតខំធ្វើការភ្ជួររាស់លើដីស្រែ ជូនប្រជាកសិករនៅក្នុងមូល ដ្ឋាននេះឲ្យបានចប់រួចរាល់នៅក្នុងពេលដ៏ឆាប់ៗខាងមុខ ដើម្បីឈានទៅបន្តជួយភ្ជួររាស់ដីស្រែ ជូនបងប្អូនកសិករនៅក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្តដទៃទៀត។ ជាក់ស្តែងសកម្មភាពដ៏ប្រពៃ របស់ក្រុមសម្តេចឪនៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅ បន្ទាប់ពីក្រុមសម្តេចឪ បានជួយភ្ជួររាស់ចប់រួចរាល់ជូនប្រជាកសិករក្រីក្រក្នុងជំហានទី១ នៅឃុំ ស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត និងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចំនួន៤១១ហិកតា រួចមកហើយ។
សព្វថ្ងៃនេះ ក្រុមសម្តេចឪ បានបន្តសកម្មភាពជួយភ្ជួររាស់ដីស្រែជូនប្រជាកសិករជំហានទី២ មានចំនួន៣មូលដ្ឋានថែមទៀត ក្នុងនោះមានការជួយបងប្អូនកសិករនៅ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចំនួន៧១ហិកតា, ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចំនួន៧០ហិកតា និងនៅឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចំនួន៤៩ហិកតា សរុបលទ្ធផលនៃការភ្ជួររាស់របស់ក្រុមសម្តេចឪ នៅក្នុងជំហានទី២នេះ សម្រេចបានចំនួន១៩០ហិកតាបន្ថែមទៀត។
ក្រុមសម្តេចឪ បានគោរពទៅតាមគោលការណ៏ណែនាំ របស់សម្តេចចៅហ្វាវាំង ប្រធានក្រុមសម្តេចឪ ដែលសម្តេចចៅហ្វាវាំងតែងតែខិតខំយកអស់ពីកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ អញ្ជើញចុះដល់ទីស្រែរបស់បងប្អូនកសិករជាបន្តបន្ទាប់ គោរពដង្ហែ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមាន ព្រះរាជហឬទ័យទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅ របស់ប្រជារាស្ត្រទីទ័លក្រ ជាពិសេស នៅក្នុងរដូវបង្កបង្កើនផលជារៀងរាល់ឆ្នាំ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ ប្រោសព្រះរាជទានដល់ក្រុមសម្តេចឪ ជួយភ្ជួររាស់ដីជូនបងប្អូនដែលគ្មាន គោ ក្របី ឬឧបករណ៏ សម្រាប់បម្រើអោយការងារអូសទាញ ដើម្បីបងប្អូន មានលទ្ធភាពបង្កបង្កើនផល បានទាន់ពេលវេលា និងទទួលបានទិន្នផលខ្ពស់។
គួរបញ្ជាក់ជូនផងដែរថា ក្នុងដំណើរអញ្ចើញចុះបំពេញការងារ របស់សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ប្រធានក្រុមស្តេចឪ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្តេចចៅហ្វាវាំងបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជារាស្ត្រ ក្នុងមូលដ្ឋាននេះ ដែលបានអញ្ជើញមកស្វាគមន៏ អបអរសាទរ ចំពោះសកម្មភាពការងារដ៏ល្អប្រពៃ របស់មន្ត្រីបុគ្គលិក ក្រុមសម្តេចឪ ព្រមទាំងធ្វើការសាបព្រោះ លើដីស្រែរបស់បងប្អូនផងដែរ ។
សម្តេចចៅហ្វាវាំង បានជម្រាបជូនបងប្អូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះរាជហឬទ័យនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនបងប្អូន ប្រជារាស្ត្រ ជាកូនចៅ ចៅទួត ជាទីស្នេហា របស់ព្រះអង្គគ្រប់រូប។
សម្តេចចៅហ្វាវាំង បានជម្រាបជូនបន្តថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះការងារបង្កបង្កើនផល របស់កសិករជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងប្រទេស ។
ហេតុនេះហើយព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាង ត្រាស់បង្គាប់សម្តេចចៅហ្វាវាំង ដឹកនាំក្រុមសម្តេចឪ ធ្វើការភ្ជួររាស់ និងបូមទឹកបញ្ចូលស្រែ ជូនប្រជាកសិករក្រីក្រ នៅគ្រប់រដូវកាល ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលទាន់ពេលវេលា និងទទួលបានភោគផលច្រើន។
ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង បានចែកជូនបងប្អូនប្រជាកសិករ នៅព្រះបរមឆាយាល័ក្ខ ព្រះករុណាព្រះមហាក្សត្រ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបងប្អូនប្រជានុរាស្ត្រ បានតម្កល់គោរពបូជា នៅតាមលំនៅដ្ឋាន រៀងៗខ្លួន ។
ព្រមជាមួយនេះ សម្តេចចៅហ្វាវាំងបានចែកជូនព្រះរាជអំណោយ មានជា សារុងនិងថវិកាមួយចំនួន ដើម្បីជួយដោះស្រាយជីវភាព បងប្អូនផងដែរ។
ប្រជារាស្ត្រជាម្ចាស់ស្រែ ជាកូនចៅ ចៅទួត រស់នៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមនេះ និងសូម ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រកបនូវព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាត ដើម្បី កូនចៅ ចៅទួត បានជ្រកកោននៅក្រោមម្លប់ព្រះតេជៈបារមីដ៏ត្រជាក់ត្រជុំនៃ ព្រះអង្គជា រៀងរហូតតទៅ ។
ព្រមជាមួយនេះប្រជារាស្ត្រជាកូនចៅ ចៅទួត សូមឧទ្ទិសថ្វាយមហាព្រះរាជកុសល ដ៏ថ្លៃថ្លាក្នុង ពេលនេះថ្វាយចំពោះដួងព្រះវិញ្ញាណក័ន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានយាងគង់ប្រថាប់សោយសុខ ក្នុងព្រះបរមសុគតិភព ប្រកបដោយព្រះបរមសុខ ក្នុងសម្បត្តិសួគ៌ និងព្រះនិព្វាន្ត កុំបីឃ្លៀងឃ្លាតឡើយ៕