(កំពង់ឆ្នាំង)៖ លោក សោម ភិរុណ សមាជិកគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារជួបប្រាស្រ័យជាមួយក្រុមការងារបក្សឃុំ ភូមិ និងប្រធានក្រុមបក្ស សមាជិកបក្សចំនួនសរុប៣៨នាក់ ដែលមានបំណងធ្វើវារីវប្បកម្មជាលក្ខណៈគ្រួសារ។
ក្នុងនោះ តាមរយៈការចុះជួបប្រាស្រ័យដោយផ្ទាល់នេះ សមាជិកទាំង៣៨នាក់ តំណាងឱ្យ៣៨គ្រួសារ បានចាប់អារម្មណ៍ជាសំខាន់លើការចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ (រណ្តៅក្រាលថង់ប្លាស្ទិក)។
នាឱកាសនោះក្រោយពីលើកនូវចំណុចគន្លឹះសំខាន់ៗ ពីបច្ចេកទេសចិញ្ចឹមត្រីរួចមក ដើម្បីផ្តើមគំនិតលើបញ្ហានេះក្រុមការងារបានផ្តល់ជូននូវសៀវភៅ (ចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ) ចំនួន១ក្បាល/ម្នាក់), សៀវភៅបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះចំនួន១ក្បាល/ម្នាក់ និងបានឯកភាពរួមជាគោលការណ៍អនុវត្តន៍បន្ត៖
ទី១៖ បើកវគ្គបំប៉នបច្ចេកទេសចិញ្ចឹមត្រីជាលក្ខណៈគ្រួសាររយៈពេលខ្លីនៅមូលដ្ឋាន។
ទី២៖ ទស្សនកិច្ចសិក្សាស្វែងយល់ដឹងបន្ថែមចំណេះដឹងពីកសិដ្ឋាន ឬកសិករដែលមានបទពិសោធន៍និងរីកចម្រើនកន្លងមក។
ទី៣៖ ចងក្រងក្រុមអ្នកចិញ្ចឹមត្រីនៅមូលដ្ឋាន ដើម្បីមានទំនាក់ទំនងលើបច្ចេកទេស និងទីផ្សារ។
ដោយឡែកក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល របស់លោក ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រី និងថវិកា
ចំនួន ២០០,០០០រៀល របស់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ជូនគ្រួសារសពឈ្មោះ ហេង ប៊ុន និងចូលរួមបុណ្យចម្រើនប្រជាពលរដ្ឋនៅភូមថ្នល់ឈើទាលចំនួន ១៤០,០០០រៀលផងដែរ៕