(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានអរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាជនរួមជាតិទាំងអស់ ដែលបានជូនពរនៅក្នុងថ្ងៃកំណើតរបស់សម្តេច។
ដោយសារតែសម្តេចមានថ្ងៃកំណើតសម្រាប់ប្រើប្រាស់ក្នុងលិខិតស្នាមផ្លូវការ និងលថ្ងៃកំណើតពិតប្រាកដនោះ ក៏មានអ្នកខ្លះជូនពរគម្រប់អាយុ ៦៩ឆ្នាំ ហើយខ្លះទៀត ក៏ជូនពរគម្រប់ ៧០ឆ្នាំ។ ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជូនពរគម្រប់អាយុមួយណា ក៏ទទួលទាំងអស់។
ទន្ទឹមនឹងការថ្លែងអំណរគុណសម្រាប់សារជូនពរនេះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតបញ្ជាក់ពីមូលហេតុនាំឱ្យមានថ្ងៃកំណើតដល់ទៅពីរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃកំណើត «ថ្ងៃ៤ មេសា ១៩៥១» គឺសម្តេចយកតាមថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវ
របស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ នាឆ្នាំ១៩៧០។ ឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃ ៨ មករា ១៩៧៩ ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះសម្តេចមិនបានកែតម្រូវទេ ព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់ ២៧ឆ្នាំផង។
សម្រាប់ថ្ងៃកំណើត «៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៌ ឆ្នាំរោង ចត្វាស័ក ព.ស២៤៩៦» ជាថ្ងៃកំណើតពិតប្រាកដរបស់សម្តេច។
ក្នុងសារដែលបង្ហោះតាមទំព័រ Facebook នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។
សូមបញ្ជាក់ថា មួយថ្ងៃមុនការចូលមកដល់ថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន គេបានឃើញសារគោរពជូនពរជាច្រើនពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមបានបង្ហោះឡើងជាហូរហែ។
ក្នុងសារគោរពជូនពរនោះ ក្រៅតែពីបួងសួងសូមសម្តេចមានសុខភាពល្អ កម្លាំពលំមាំមួនហើយ ក៏បានសម្ដែងនូវមោទកភាព និងកោតសរសើរបំផុតចំពោះការដឹកនាំរបស់សម្ដេចតេជោ ធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។ ជាពិសេសការដាក់ចេញនូវផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទប់ស្កាត់ជំងឺឧត្បាត Covid-19 ដែលរីករាលដាលនៅកម្ពុជា៕