(ភ្នំពេញ)៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា ផែនទីខ្នាង ១/២៥ ០០០ ជាផែនទីដែលគូសវាងដោយប្រទេសវៀតណាម។

ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានហៅការចោទប្រកាន់នេះថា ជាការប្រឌិតរឿង និងផ្សព្វផ្សាយ​នូវព័ត៌មាន​មិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំមកលើការងារព្រំដែន​របស់រាជរដ្ឋាភិបាលអំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសវៀតណាម។

ទន្ទឹមនឹងការចេញមកច្រានចោលនូវការចោទប្រកាន់ និងការផ្សព្វផ្សាយបំភ្លៃក្នុងចេតនាទុច្ចរិត និងពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានបញ្ជាក់ពីការងារកំណត់ព្រំដែនជាមួយប្រទេសវៀតណាម និងការរៀបចំបោះផែនទីខ្នាត ១/២៥ ០០០នេះផងដែរ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់ អនុវត្តដោយក្រុមជំនាញនៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាមផែនទីផ្លូវការ បោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្ដី ថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឱ្យដឹងថា ខ្សែព្រំដែនដែលមាននៅលើផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ត្រឹមត្រូវតាមខ្សែព្រំដែនដូច មាននៅលើផែនទីបោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន លើកលែងតែ តំបន់មួយចំនួនដែលពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បាននិងកំពុងរស់នៅដាំដុះ អាស្រ័យ ផលមិនស្របតាមខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០.០០០ តែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ដើម្បី រក្សាទុកដីទាំងនោះជូនពលរដ្ឋខាងលើ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានព្រម ព្រៀងគ្នារក្សាទុកដីទាំងនោះជូនពលរដ្ឋឱ្យបន្តរស់នៅ និងកាន់កាប់ជាបន្តទៀត ដោយយកគោលការណ៍ ដោះដូរដីមួយមួយ ឈរលើស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងសុខដុមរមនារបស់ ពលរដ្ឋនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបានធ្វើឡើងដោយកម្ពុជា និងវៀតណាម ហើយដែល ត្រូវបានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ប្រគល់ឱ្យប្រទេសទី៣ ជាអ្នកបោះពុម្ព គឺក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក បន្ទាប់ពីការប្រកាសដេញថ្លៃជាអន្តរជាតិ តាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែល ក្រោយមកត្រូវបានផ្ទេរបន្តទៅឱ្យក្រុមហ៊ុន NIRAS Mapping A/S ប្រទេសដាណឺម៉ាក ដូចមាននៅក្នុង លិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣។

ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា ៨៤% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារព្រំដែន ជាផែនទីផលិតឡើងតាមរយៈការថតរូបភាពពីលើ អាកាស (orthophoto-maps) តាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាស់ ដែលបង្ហាញយ៉ាង ច្បាស់នូវទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែន ដែលមានទាំងនិយាមកា និងឋានលេខាជាក់លាក់។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបន្ថែមទៀតថា ដើម្បីងាយស្រួលក្នុងការទុកដាក់ និងប្រើប្រាស់ផែនទីឱ្យបានត្រឹមត្រូវ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានឯកភាពគ្នាចងក្រងផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ នេះ ជាសៀវភៅ (album) ផែនទីព្រំដែនតាមលក្ខណៈបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្ដីថ្លែងការណ៍បោកប្រាស់ខុសពីការពិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងយ៉ាងហ្មត់ចត់ ច្បាស់លាស់ តាមគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ក្រោយកម្ពុជាបានឯករាជ្យ ស្របតាមផែនទីផ្លូវការ ខ្នាត ១/១០០ ០០០ ហើយដែលរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវផ្ទៃក្រឡាដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ រក្សាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឱ្យជាតិ និងប្រជាជនខាតបង់ឡើយ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន៖