(ភ្នំពេញ)៖ ក្រុមប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួល មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដែលជាតំណាងរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ បាននាំយកថវិកា របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន៥៩លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អតីត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី ក៏បានពាំនាំនូវប្រសាសន៍ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាស ប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដែលលោកនាយឧត្តមសេនីយ៍ មានការសោកស្តាយដ៏ក្រៀមក្រំបំផុត ក្នុងការបាត់បង់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អតីតមេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលជាមេបញ្ជាការគំរូដ៏ល្អម្នាក់ ជាស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសបានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា បើទោះបីជាលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អតីត មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានលាចាកលើលោកនេះក៏ដោយ ក៏លោកនាយឧត្តមសេនីយ៍ សៅ សុខា នៅតែបន្តថែរក្សាតម្រង់ទិស និងមិនទុក្ខចោលឲ្យនរណាម្នាក់ នៅឯកកោរឡើយ ក៏ដូចជាក្រុមគ្រួសារ អាវុធហត្ថទាំងអស់ទូទាំងប្រទេសផងដែរ ទើបថ្ងៃនេះលោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានចាត់តាំងក្រុមការងារ នាំយកបច្ច័យ មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ដែលជាគំនិតផ្តួចផ្តើមរបស់ លោកនាយឧត្តមសេនីយ៍ផ្ទាល់ ក្នុងគោលបំណងជួយដោះស្រាយនូវទុក្ខលំបាកភ្លាមៗ របស់សមាជិកក្រុមគ្រួសារនៃសព៕