(សៀមរាប)៖ បើយោងតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា សម្រាប់ខេត្តសៀមរាបនឹងមានការរៀបចំកម្មវិធីមួយ ដើម្បីទទួលភ្ញៀវទេសចរ នាថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ជាពិសេសខេត្តសៀមរាប កំពុងត្រៀមខ្លួន ក្នុងការទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងមកទស្សនាកម្សាន្ត នៅខេត្តសៀមរាប សូមចូលរួមក្នុងការទទួលខុសត្រូវខ្ពស់ទាំងអស់គ្នាទី១៖ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា មកជាមួយផង, ទី២៖ កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ), និងទី៣៖ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារ ការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ចំពោះកម្មវិធីវិញ គឺមានដូចជាទី១៖ កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ, ទី២៖ កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២, ទី៣៖ កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, ទី៤៖ ផ្សារទឹក, ទី៥៖ ផាប់ស្ទ្រីត, ទី៦៖ កម្មវិធីជិះកង់, ទី៧៖ កម្មវិធីកីឡាវាយកូនហ្គោល, ទី៨៖ កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន, និងទី៩៖ មានកម្មវិធីផ្ទាំងទស្សនីយភាពសិល្បៈ។
ក្នុងនោះផងដែរ ខាងអាជ្ញាធរខេត្ត ដែលដឹកនាំដោយលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប បានរៀបចំសម្អាតបរិស្ថានក្រុង ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកទស្សនាកម្សាន្តក្នុងឱកាសនៃថ្ងៃឈប់សម្រាកនេះ ហើយអាជ្ញាធរ មានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ បាននឹងកំពុងត្រៀមបំពេញភារកិច្ចតាមគោលដៅ ក្នុងការការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរផងដែរ៕