(កណ្ដាល)៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំ ខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ករណីហិង្សាដោយចេតនា និងធ្វេីឱ្យខូចខាតដោយចេតនា នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចកេីតហេតុហាងលក់ដូរយីហោពិទ័រគន្ធា ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ទុយ ហុង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី មានមុខរបរ ជាមេការផ្ទះសំណាក់ពិទ័រគន្ធា។ ដោយឡែកជនបង្កមានឈ្មោះ អៀង សុគន្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរជាបុគ្គលិកកាស៊ីណូ។
បើតាមនគរបាលស្រុក បានឱ្យដឹងថា កន្លងមកជនបង្កឈ្មោះ អៀង សុគន្ធ ធ្លាប់ចូលផឹកស៊ីនៅហាងយីហោពិទ័រគន្ធាជាញឹកញាប់មកហេីយពុំដែលមានបង្កបញ្ហាអ្វីទេ។ លុះនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នាវេលាម៉ោងប្រមាណជាង១៩៖០០នាទី ឈ្មោះ អៀង សុគន្ធ និងមិត្តភក្ដិបួនទៅប្រាំនាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងខាងលេី ក្រោយមកក៏បានទាក់ពាក្យសម្ដីគ្នាជាមួយនារីរត់តុ ហេីយជនសង្ស័យបានបោកកែវ បោកចាន បណ្តាលឱ្យខូចខាតអស់ជាច្រេីន តែម្ចាស់ហាងពុំរករឿងទេ គ្រាន់តែបានទទួលសំណងការខូចខាតបានមួយចំនួន នៅខ្វះមួយចំនួនទៀតចាំគិតពេលក្រោយ។
មន្ត្រីនគរបាលដដែល បានបន្តថា លុះនៅពេលកេីតហេតុជនសង្ស័យ និងមិត្តភក្ដិ០១នាក់ទៀត បានចូលទៅហាងផឹកស៊ីខាងលេីនោះទៀត ដោយស្ថិតក្នុងសភាពស្រវឹងទៅហេីយ ពេលចូលទៅដល់ក៏មានទំនាស់ជាមួយមេការនៅទីនោះ រួចបានបោកកៅអីជ័រក្នុងហាង និងវាយទៅលេីជនរងគ្រោះមួយដៃចំមុខថែមទៀតផង។ ក្រោយមកជនរងគ្រោះក៏បានរាយការណ៍តាមទូរស័ព្ទមកនគរបាលប៉ុស្ដិ៍សំពៅពូន។ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍ បានចុះនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។
នៅចំពោះមុខនគរបាល ជនបង្កបានសារភាពថាខ្លួនពិតជាបានផឹកស៊ីស្រវឹងវាយបំផ្លាញសម្ភារប្រេីប្រាស់នៅក្នុងហាងយីហោ ពិទ័រគន្ធា និងវាយទៅលេីឈ្មោះ ទុយ ហុង ប្រាកដមែន៕