(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានដឹកក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពីថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០២០ ចំនួន ៥៥គ្រួសារ ស្មើនឹង៥៥ខ្នងផ្ទះ ស្ថិតនៅក្នុងសង្កាត់ ស្មាច់មានជ័យ ៦គ្រួសារ សង្កាត់ស្ទឹងវែង ១៣គ្រួសារ និងសង្កាត់ដងទង់ ៣៦គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលឱ្យខូចខាតហ្វីប្រូស៊ីម៉ង់ន៍ចំនួន ៥៩៣សន្លឹក និងស័ង្កសី ១១២សន្លឹក។
ស្ថិតនៅក្នុងឱកាសនោះដែរ លោកស្រី មិថុនា ភូថង បានថ្លែងថា ផលប៉ះនៃគ្រោះមហន្តរាយធម្មជាតិបាតុភូតផ្គរ រន្ទះ ព្យុះភ្លៀងខ្យល់កន្ត្រាក់ដែលមានឈ្មោះ «ស៉ីនឡាគូរ» នេះបានធ្វើផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ដូចជាប៉ើងដំបូលផ្ទះ អាជ្ញាធរមានការសោកស្តាយយ៉ាងខ្លាំងដែលលំនៅដ្ឋានបងប្អូនប្រឈម និងការខូចខាតនូវខ្យល់កន្រ្តាក់ ស៉ីនឡាគូនេះ តែអ្វីសំណាងបំផុតបងប្អូនមិនមានជួបគ្រោះថ្នាក់ដល់អាយុជីវិត។
លោកស្រីអភិបាលខេត្ត បានបន្តថា ទោះបីប្រជាពលរដ្ឋជួបបញ្ហាយ៉ាងណាក៏ ដោយក៏ក្រុមការងារសាខាកាកបាទកម្ពុជា ចុះជួយបងប្អូនជានិច្ចដោយមិនថាទីជិត ឬឆ្ងាយ យប់ ឬថ្ងៃ ព្យុះភ្លៀងឡើយឱ្យក្រុមការងារទទួលបានហើយមិនប្រកាន់ពូជសាសន៍ពណ៌សប្បុរ ឬនិន្នាការនយោបាយបក្សណាមួយឡើយ។
បន្ថែមពីនេះ លោកស្រី មិថុនា ភូថង ក៏បានពាំនាំនៅការផ្តាំផ្ញើរអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះលោកស្រីអភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និងកាត់បន្ថយហានិភ័យពីការឆ្លងពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម, មីម៉ាម៉ា១កេស, ត្រីខ១ឡូ, ទឹកសុទ្ធឱរ៉ាល់១កេស, ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៥៩៣សន្លឹក និងស័ង្កសី ១១២សន្លឹក សាខាឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែង ស្មើនឹងថវិកា ៤,៤០០,០០០រៀល រួមនឹងថវិកាអនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ ឧបត្ថម្ភបន្ថែម ២០០,០០០រៀលផងដែរ៕