(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ និងប្រកាសសមាសភាពរដ្ឋលេខាធិការចំនួន ៣រូប។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំជាន់ទី៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនានា។
សមាសភាពរដ្ឋលេខាធិការថ្មីទាំង៣រូបនេះរួមមាន៖ លោក ជ្រុន ថេរ៉ាវ៉ាត លោក សួន សេរីរដ្ឋា និងលោក អ៊ុក ពញ្ញា។
លោក ជ្រុន ថេរ៉ាវ៉ាត ត្រូវបានរដ្ឋមន្ត្រីប្រគល់ភារកិច្ចជា រដ្ឋលេខាធិការទទួលដឹកនាំនិងសម្របសម្រួលថែទាំសុខភាព និងអនាម័យជនបទ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ។
លោក សួន សេរីរដ្ឋា ត្រូវបានលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រគល់ភារកិច្ចឱ្យទទួលដឹកនាំ និងសម្របសម្រួលអភិវឌ្ឍន៍ជនជាតិភាគតិច និងរង់ចាំទទួលភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។
សូមបញ្ជាក់ថា បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក សួន សេរីរដ្ឋា ត្រូវបាន ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ តាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕