(ភ្នំពេញ)៖ សមិទ្ធផលជាច្រើនរួមមាន៖ ស្ពាន ផ្លូវ ស្ថានីយបូមទឹក និងប្រព័ន្ធលូរំដោះទឹកត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់។

បើតាមលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានឱ្យដឹងថា សមិទ្ធិផលថ្មីៗដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះរួមមាន៖ ស្ពានព្រែកដើមលាភ ស្ពានព្រែករាំងទី១, ទី២ ស្ថានីយបូមទឹកព្រែករាំង និងផ្លូវតភ្ជាប់ ផ្លូវលេខ២១១, ២១៣, ២១៥, ១១៥កា, ១១៥អឹម និងត្រួតពិនិត្យការដ្ឋានសាងសង់លូ ព្រលានយន្តហោះ ផ្លូវជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង និងពិនិត្យស្ថានភាពផ្លូវលេខ១១៧ និងផ្លូវលេខ១១៩ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

នាឱកាសនោះលោក គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថេរភាព ពេញផ្ទៃប្រទេស ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដូច្នេះ យើងទាំងអស់គ្នាត្រូវរួបរួមគ្នា អរគុណសន្តិភាព ស្រលាញ់សន្តិភាព និងគាំទ្រសន្តិភាព ដើម្បីឲ្យប្រទេសយើងបន្តមានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។

លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះមូសខ្លា ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះរីករាលដាលនៃជំងឺគ្រុនឈិត ហើយជំងឺនេះត្រូវបានចំលងដោយមូសខ្លាញីខាំ ហើយអ្នកជំងឺមានអាការៈ ក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមានឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់ នៅតាមសន្លាក់ដៃជើង។ ប្រសិនបើមានការសង្ស័យបានឆ្លងជំងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈិកឱ្យសោះ។

លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តឱ្យបានតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពី ការបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕