(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យកម្លាំងនគរបាល ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ គ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ នៅពេលយប់ដើម្បីឃាត់អ្នកស្រវឹង។
ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ប្រចាំខែកក្កដា និងក្រោយមើលឃើញថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅពេលយប់ក្នុងរាជធានីភ្នំពេញ ធ្វើឡើងតែ៧គោកដៅ (៧ខណ្ឌ) ប៉ុណ្ណោះ ដែលបង្កឱកាសឲ្យអ្នកស្រវឹងអាចជិះគេចបាន។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងទៀតថា គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ក្នុងរាជធានីភ្នំពេញ ភាគច្រើនបង្កឡើយដោយជាតិស្រវឹង ហើយការអនុវត្តកន្លងទៅល្អហើយ ប៉ុន្ដែទាមទារឲ្យពង្រឹងការរឹងបន្ដឹងនេះបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាន់តែថយចុះ ខណៈបច្ចុប្បន្នអ្នកស្លាប់ចន្លោះពី ២នាក់ ទៅ៣នាក់ ក្នុងមួយយប់។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «នៅពេលយប់ដាក់តែ៧គោលដៅ ៧ខណ្ឌទេ ខ្ញុំស្នើឲ្យបន្ថែមទៅគ្រប់ខណ្ឌធ្វើព្រមៗគ្នាពេលយប់ទៅ ព្រោះអាចកើនចំនួនអ្នកល្មើសដែលយើងរកឃើញដោយសារស្រវឹង ហើយថយគ្រោះថ្នាក់។ ខ្ញុំឯកភាពថា កើតឡើងតែខណ្ឌជាយក្រុង ប៉ុន្ដែពេលខ្លះក៏នៅក្នុងក្រុងដែរ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានទទួលស្គាល់នូវការលំបាក និងភាពនឿយហត់របស់កងកម្លាំងផងដែរ ព្រោះណាមួយត្រូវអនុវត្តច្បាប់ចរាចរណ៍ ហើយណាមួយទៀត ត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងដំណើររបស់ថ្នាក់ដឹកនាំដែលត្រូវឆ្លងកាត់គោលដៅរបស់ខ្លួន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បានណែនាំក្រុមការងារប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវឆ្លើយតបឲ្យបានរហ័ស ពាក់ព័ន្ធការងារចរាចរណ៍ ដែលបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គម៕