(ភ្នំពេញ)៖ ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សាងសង់សម្រេចបានប្រមាណ ៣៦.៤ភាគរយហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០។
លោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០នេះ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
លោកអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់ និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ផ្លូវនេះមានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ និងសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ និងសួយសារ។
បើតាមលោករដ្ឋមន្ត្រី ផ្លូវមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ១០ ដែលប្រសព្វគ្នាជាមួយផ្លូវជាតិលេខ៥៥នោះ នឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ សំដៅចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍ បានឆាប់រហ័ស និងចំណាយតិច។ ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅថ្មដា ខេត្តពោធិ៍សាត់ នៅចាំយាម ខេត្តកោះកុង និងកំពង់ផែសមុទ្រទឹកជ្រៅរបស់យើង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង៕