(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីចក្ខុវិស័យ ព្រមទាំងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតផលកសិកម្មឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើពិភពលោក ក្នុងឱកាសនៃកាលានុវត្តភាព ដើម្បីជំរុញឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរឡើង នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា៖
* ផ្ទៃដីដាំដុះស្រូវសរុបទូទាំងប្រទេសសម្រេចបានចំនួន ៣,៣២៨,៨៤៦ហិកតា ស្មើនឹង ១១៥% នៃផែនការ ផ្ទៃដីប្រមូលផលមានចំនួន ៣,២៦៣,៧៧៤ហិកតា ដែលទទួលបានទិន្នផលជាមធ្យមចំនួន ៣,៣៣៥តោន/ហិកតា ដោយទទួលបានបរិមាណផលចំនួន ១០,៨៨៥,៥៧៥តោន
* ផ្ទៃដីដាំដុះដំណាំសាកវប្បកម្មសំខាន់ៗ សម្រេចបានចំនួន ៩៤,៥៤១ហិកតា ដែលទទួលបានបរិមាណផលចំនួន ៨៧៩,៦៩៦តោន
* ផ្ទៃដីដាំដុះដំណាំឧស្សាហកម្មសម្រេចបានចំនួន ៩៦៤,៦៤៧ហិកតា ដែលទទួលបានបរិមាណផលចំនួន ១៥,១៣៩,៦៧២តោន។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៩ ការនាំចេញផលិតផលដំណាំកសិកម្មផ្លូវការ សម្រេចបានចំនួន ៤,៨៧៦,៩៥៣តោន កើនឡើង ១៣,២០% ធៀបនឹងការនាំចេញក្នុងឆ្នាំ២០១៨។
ការនាំអង្ករចេញក្នុងឆ្នាំ២០១៩ សម្រេចបានចំនួន៦២០,១០៦តោន ទៅកាន់ទិសដៅ៥៩ប្រទេស ក្នុងនោះ ការនាំចេញទៅប្រទេសចិន បានច្រើនជាងគេ គឺ២៤៨,១០៥តោន ស្មើនឹង៤០,៧៣% ទៅសហគមន៍អឺរ៉ុប (២៥ប្រទេស) បានចំនួន២០២,៩៩០តោន ស្មើនឹង៣២,០១% ទៅប្រទេសក្នុងតំបន់អាស៊ាន (៦ប្រទេស) បានចំនួន៨៣,១៦៤តោន ស្មើនឹង១៣,៤១% និងទៅ២៧ប្រទេសផ្សេងៗទៀត បានចំនួន៨៥,៨៤៧តោន ស្មើនឹង១៣,៨៤% នៃការនាំចេញអង្ករសរុប។
ក្នុងឆ្នាំ២០២០នេះ (គិតត្រឹមរយៈពេល ៧ខែ) ការនាំចេញផលិតផលដំណាំកសិកម្មផ្លូវការ សម្រេចបានចំនួន ២,៦៨៩,៩៨៧.២៩តោន កើនឡើង៩.០៦% ធៀបនឹងការនាំចេញក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៩ដូចគ្នា។ ដោយឡែក ការនាំចេញទៅប្រទេសចិន គិតត្រឹមរយៈពេល ៧ខែដើមឆ្នាំ២០២០ មានចំនួន ២៨៦,៧៩០,៦៨តោន៕
ខាងក្រោមនេះ ជាវីដេអូទាំងស្រុង នៃសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក»៖