(ភ្នំពេញ)៖ បន្ទាប់ពីសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ សម្រេចឲ្យជនត្រូវចោទម្នាក់ក្នុងចំណោម ៣នាក់ ក្នុងសំណុំរឿងកិបកេងប្រាក់ជាង៨លានដុល្លារ របស់គ្រឹះស្ថានហិរញ្ញវត្ថុ អាតូម ខែភីថល ម.ក បាននៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានសម្ដែងក្ដីបារម្ភ និងបានទទូចស្នើសុំឲ្យដល់អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ មេត្តាពិនិត្យ និងប្ដឹងទាស់ការសម្រេចខាងលើនេះ។
ការទទូចស្នើសុំរបស់ដើមបណ្ដឹងបែបនេះដោយហេតុថា ដើមបណ្ដឹងយល់ថា ការសម្រេចដោះលែងជនត្រូវចោទឈ្មោះ អ៊ុក គិរីរតនៈ អាចធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ជនរងគ្រោះ កាន់តែច្រើនឡើងៗ ព្រោះជនត្រូវចោទអាចនឹងគេចវេសពីការទទួលខុសត្រូវ និងម្យ៉ាងទៀត ជនត្រូវចោទអាចនឹងមានឱកាសបំផ្លាញភស្តុតាង និងគំរាមសាក្សីផងដែរ ដោយសារតែរូបគេកំពុងជាប់បណ្ដឹងរហូតទៅដល់ចំនួន៣សំណុំរឿងទៀត នៅសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបជូនថា ការសម្រេចឲ្យជនត្រូវចោទឈ្មោះ អ៊ុក គិរីរតនៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអតីតអគ្គនាយករងគ្រឹះស្ថានហិរញ្ញវត្ថុ អាតូម ខែភីថល ម.ក បាននៅក្រៅឃុំជាបណ្ដោះអាសន្ន ពីសំណាក់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍បានធ្វើឡើង បន្ទាប់ពីចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ជនត្រូវចោទម្តងរួចមកហើយ។
គួររម្លឹកថា ជនត្រូវចោទឈ្មោះ អ៊ុក គិរីរតនៈ និងបក្ខពួក ២នាក់ទៀត (កំពុងជាប់ឃុំ) ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ាង រតនា និងក្រោយមកក្រុមជន ត្រូវចោទទាំង ៣នាក់ ត្រូវតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ និងឃុំខ្លួនពីបទ ក្លែងបន្លំឯកសារសាធារណៈ, បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ រំលោភទំនុកចិត្តពិសេសដោយ អភិបាល ប្រព្រឹត្តនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ អាតូម ខែភីថល ម.ក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨៕